ព័ត៌មានជាតិ

អនាគត ខេត្តស្ទឹងត្រែង នឹងមានព្រលាន យន្តហោះថ្មី ចាប់បដិសន្ធិលើផ្ទៃដី៥០០ហិកតា

ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ព្រលានយន្តហោះថ្មី នៅក្នុងទឹកដីខេត្តស្ទឹងត្រែង អាចនឹងកើតមានឡើងនាពេលអនាគត ដោយកំណត់យកផ្ទៃដីប្រមាណ ៥០០ហិកតា សម្រាប់ការសាងសង់ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងគោលដៅរយៈពេល ៥ឆ្នាំខាងមុខទៀត ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរអាកាសចរណ៍ស៊ីវិល កំពុងសិក្សាជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានកំណត់ទុកហើយទាំងផ្ទៃដី ទាំងការដោះស្រាយផលប៉ះពាល់ ក្នុងការពង្រីកព្រលានយន្តហោះនេះ ក្នុងនោះបានធ្វើការមួយជំហ៊ានហើយ ជាមួយប្រជាពលរដ្ឋ សម្រាប់ការដោះស្រាយទីតាំង ។

លោក ដួង ពៅ បន្ថែមថា ថ្វីត្បិតមិនទាន់បាន ដំណើរការ ប៉ុន្តែដើម្បីពង្រីកវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ ក្រសួងទេសចរណ៍ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា សិក្សារួចហើយ ហើយបានរៀបចំផែនទីគោលមួយសម្រាប់ សាងសង់ពង្រីកព្រលានចាស់ដែលមានហើយបន្ថែម ។

លោកថា បន្ទាប់ពីមណ្ឌលគិរីមក ប្រហែលជាខេត្តស្ទឹងត្រែង សង្ឃឹមអាចទទួលបាន ព្រលានយន្តហោះថ្មីនេះ ហើយក៏បាននិងកំពុងសិក្សា ពីទីតាំងផ្សេងទៀតសម្រាប់ធ្វើព្រលាន ក្នុងករណីគិតថា ព្រលានចាស់មានទំហំតូច មិនអំណោយផលដល់ការចុះចត របស់យន្តហោះធុនធំ ។

លោកអភិបាលរងខេត្តបញ្ជាក់ថា «ដូច្នេះខ្ញុំសុំបញ្ជាក់ខ្លីថា អនាគតអាចមាន មិនដឹងថាតើនៅពេលណា ប៉ុន្តែយើងនៅរក្សាជំហរថា ព្រលានយន្តហោះអាចកើតមានឡើង អាចស្ដារ ពង្រីក និងអភិវឌ្ឍន៍ នៅពេលណាមួយ ដែលរាជរដ្ឋាភិបាលអាចកំណត់ រយៈពេលឲ្យយើងសាងសង់ ចឹងអត់ដឹងថាថ្ងៃណាទេ គ្រាន់តែបញ្ជាក់ថា នឹងមាន…យើងកំណត់ផ្ទៃដីដល់ ៥០០ហិកតា ធំណាស់» ។

ពាក់ព័ន្ធនិងវិស័យទេសចរណ៍លោក ដួង ពៅ ថ្លែងថា កាលពីជិត ២០ឆ្នាំមុន ខេត្តស្ទឹងត្រែងគឺជាកោះមួយ ដោយពេលគ្មានមធ្យោបាយសម្រាប់ ការធ្វើដំណើរទៅដល់ ជាតំបន់មួយដេលត្រូវឆ្លងកាត់ អសន្តិសុខច្រើន ។

លោកបន្ថែមថា បន្ទាប់ពីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាបន្តបន្ទាប់ បានធ្វើឲ្យខេត្តស្ទឹងត្រែង ឈានទៅដល់ការអភិវឌ្ឍលើវិស័យទេសចរណ៍ ដែលកំណត់ទៅដៅលើតំបន់ការពារធម្មជាតិ ដែលមានសក្ដានុពល និងមានលក្ខណៈអំណោយផល ។ លោកថា ជាក់ស្ដែងបច្ចុប្បន្នមាន តំបន់ទាក់ទាញទេសចរចំនួន ១១កន្លែង ដែលកំពុងដំណើរការ និងបើកឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនាកម្សាន្ត ៕

To Top