ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងបោសសម្អាត រៀបចំថ្មឲ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីត ទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំង ស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់លោក គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួម ពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ មករា បានចុះរៀបចំបោសសម្អាត រៀបចំថ្មឲ្យមានរបៀបរៀបរយ ដើម្បីអតីតទីស្នាក់ការ សាលាបារាំងចុងបូព៌ា។
ប្រភពដដែល បញ្ជាក់ថា ការជួសជុលអគារសាលាបារាំងចុងបូព៌ានេះ ក្នុងគោលបំណងសម្រាប់ធ្វើជាកន្លែង រក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ ដែលគិតមកដល់ពេលនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ៕