ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញ សម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ។
យោងតាមគេហទំព័រ ហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អគារទីស្តីការថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ។ អគារថ្មី របស់ក្រសួងសាធារណការ សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ។ អគារទីស្តីការនេះ រួមមាន ៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩.៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿង ចក្រចំនួន ២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកា សរុបជាង ២៦លានដុល្លារអាមេរិក ។
អគារថ្មីនេះ បានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យ នៅលើដំបូលអគារផ្ទាល់ ទាំងអស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយ ចំណាយលើការប្រើប្រាស់ ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃ ថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួម កាត់បន្ថយផល ប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង ។
ការសាងសង់អគារនេះឡើង ក្នុងគោលបំណងបង្កើតកន្លែង ផ្តល់សេវាសាធារណៈពាក់ព័ន្ធក្រសួង សាធារណការ និងដឹកជញ្ជូនទាំងអស់ នៅក្នុងក្រសួងផ្ទាល់។ បន្ថែមពីលើនោះ ដើម្បីផ្តល់ជាទីតាំងមួយមានផាសុខភាព សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការបម្រើការងារ កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។
ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ មន្ទីរពិសោធន៍ចំនួន ១បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេស ពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិក ។ ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា «កូនខ្មែរអាច មានសមត្ថភាព កសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត» ។ សមិទ្ធផលថ្មីលើទឹកដីសន្តិភាព ដែលលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី៕