ភ្នំពេញ៖ កាសែតខ្មែរថាមស៍ ជាភាសាអង់គ្លេស បានប្រកាសដំណឹងមរណទុក្ខរបស់ខ្លួន ជុំវិញការបាត់បង់អតីតនិពន្ធនាយក លោក ជាង សុខា ក្នុងវ័យ៤២ឆ្នាំ ដោយរោគាពាធ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ។
កាសែតខ្មែរថែមស៍ បានឱ្យដឹងថា “សុខា បានចូលរួម ជាមួយកាសែត ខ្មែរថាមស៍ នៅឆ្នាំ ២០១៦ ហើយក្នុងរយៈពេល ៥ ឆ្នាំខាងមុខបានចូលរួមចំណែកយ៉ាងច្រើន ក្នុងដំណើររបស់សារព័ត៌មានខ្មែរថាមស៍ ដើម្បីក្លាយជាកាសែត ដែលមានការរីកចម្រើនលឿនជាងគេ នៅក្នុងតំបន់ និងជាកាសែតភាសាអង់គ្លេសលេចធ្លោជាងគេ នៅកម្ពុជា។ គាត់ត្រូវបានគេកំណត់ ឱ្យចូលកាន់មុខតំណែងនៅថ្ងៃទី ៤ ខែមករាឆ្នាំ ២០២១ ។
អស់រយៈពេលជាង ២ ទសវត្សរ៍ នៃអាជីពរបស់គាត់ នៅក្នុងវិស័យសារព័ត៌មាន លោក ជាង សុខា គឺជាឥស្សរជនសំខាន់ ក្នុងការលើកកម្ពស់សារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា និងត្រូវបានគេស្គាល់ផងដែរ ដោយសារភាពជំនាញខ្ពស់ភាពក្លាហាន និងភាពជាអ្នកដឹកនាំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ខ្មែរថាមស៍។
លោក ជាង សុខា ក៏ត្រូវបានផ្តល់តំណែង ជាទីប្រឹក្សា ក្រសួងព័ត៌មាន ផងដែរ នាឆ្នាំ២០១៩។
មរណភាពរបស់អ្នកកាសែតឆ្នើមរូបនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានចូលរូមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំ នេះផងដែរ ជាមួយនឹងការថ្លែងអំណរគុណដល់ “ឧកញ៉ា Pech Bolene នាយកសាលា Westline ដែលបានបញ្វុះថ្លៃសិក្សារបស់កូន លោក ជាងសុខា ទាំង ៣ នាក់ចំនួន ៥០% រហូតចប់ថ្នាក់សិក្សា ។ ៥០% ទៀត ខ្ញុំទទួលរ៉ាប់រងរហូតក្មួយៗ បានបញ្ចប់ការសិក្សា “។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញ៉ារីទ្ធ តាមបណ្តាញសង្គមហ្វេសប៊ុក។
លោក សយ សុភា និពន្ធនាយកកាសែត ដើមអម្ពិល និងជាមិត្តភក្រដ៏ជិតស្នីទម្នាក់របស់សពលោក ជាង សុខា បានចាត់ទុកមរណភាពនេះ ជាការបាត់បង់ធនធានមនុស្ស ក្នុងវិស័យសារព័ត៌មានម្នាក់ របស់ប្រទេសកម្ពុជា និងជាការបាត់ដ៏ធំធេងថែមទៀត សម្រាប់អ្នកស្រី សុខ សោភណ ជាភរិយា និងកូនទាំងបី ក្នុងបន្ទុក (ប្រុស២ស្រី១)។
លោក សយ សុភា លើកឡើងថា “សុខា ជាមិត្តភក្រ្តធ្លាប់រៀនជាមួយគ្នា នៅថ្ងៃដំបូង នៃការចាប់ផ្តើមអាជីពកាសែត តាំងពីចុងឆ្នាំ១៩៩៩ និងបានបន្តធ្វើការជាមួយគ្នា ជាបន្តបន្ទាប់ថែមទៀត។ សុខា ជាមិត្តភក្រដ៏ល្អ អ្នកកាសែតល្អ និងជាស្វាមីនិងឪពុក ដ៏ល្អ”។
សពដំកល់នៅគេហដ្ឋានដែលមានអាសដ្ឋាន ផ្ទះលេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ភ្នំពេញ។ អាស្រ័យដូចជម្រាបជូនខាងលើសូម គោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនញាតិមិត្តជិតឆ្ងាយ និង ភ្ញៀវ កិត្តិយស ទាំងអស់អញ្ជើញចូលរួម និង ជ្រាបជាដំណឹង៕