ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសការពារតែទឹកដីកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយបើមានអ្នកណាពូកែ ក៏សូមអញ្ជើញចេញមុខទៅទាមទារ យកទឹកដីដែលបាត់បងតាំងពី បរមបុរាណមកនោះវិញទៅ ។
ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង តែងតែលើកឡើងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលមានសម្ដេចតេជោ ជាប្រមុខ បានធ្វើឲ្យបាត់បង់ទឹកដីជាច្រើន ។
ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានការគោរពណាស់ ចំពោះព្របាទអង្គឌួង ។
សម្ដេចថា ប្រទេសជាតិរបស់យើង បើមើលពីដើមត្រឡប់មកវិញ យើងត្រូវថ្វាយការគោរពចំពោះព្រះបាទ អង្គឌួង ព្រះនរោត្ដម ព្រះបាទស៊ីសុវត្ថិ ព្រះបាទស៊ីសុវត្ថិមុនីវង្ស រហូតមកដល់ព្រះបាទនរោត្ដមសីហនុ ព្រះបាទសុរាមរិត ហើយក្រោយមកទៀតគឺ សម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋ ចាប់ពីឆ្នាំ១៩៦០ ។
សម្ដេចបញ្ជាក់ថា «អ្វីដែលយើងគួរមើលត្រឡប់ ទៅក្រោយវិញនោះ ប្រទេសខ្មែរស្ទើរតែបាត់ចេញពី ផែនទីរបស់ពិភពលោកទៅហើយ មានដំណាក់កាលមួយ ក្នុងរង្វង់ ឆ្នាំ១៨៤០ប្លាយ ប្រជាជនខ្មែរនៅមិនដល់ ១លាននាក់ទេ ពេលនោះព្រះបាទអង្គឌួង ប្រឹងប៉ុណ្ណាដើម្បីរំដោះ ប្រទេសនេះ ហើយបានទៅកកើតរាជធានីនៅឧត្ដុង្គវាំងចាស់ ដែលខ្ញុំតែងតែទៅធ្វើបុណ្យ» ។
សម្ដេចបន្តថា ព្រះបាទអង្គឌួង លោកប្រឹងណាស់ទម្រាំ បានប្រទេសជាតិត្រឡប់មកវិញ អីចឹងបានរដ្ឋធម្មនុញរបស់យើង ចែងថា ក្សត្រដែលឡើងគ្រងរាជ្យនៅកម្ពុជា គឺសែលោហិតរបស់ព្រះបាទអង្គឌួង ព្រះបាទនរោត្ដម ព្រះបាទស៊ីសុវត្ថិ និងញាតិរបស់ព្រះបាទអង្គឌួង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «រួចមកបន្ទោសខ្ញុំបាត់ដី បាត់អីណា ទេខ្ញុំសុំទោសចុះ ខ្ញុំសុំការពារតែដីដែល មានសព្វថ្ងៃហ្នឹងបានហើយ អ្នកណាពូកែសូមអញ្ជើញទៅយកខ្លួនឯងចុះ ខ្ញុំនិយាយយ៉ាងដូច្នេះ ខ្ញុំចង់បង្ហាញពីកត្តាប្រវត្តិសាស្ត្រមួយចំនួន ដែលបានកើតឡើង នៅក្នុងប្រទេសរបស់យើង» ។
សម្ដេចបន្ថែមថា យើងរុងរឿងបានរយៈពេល ១៦ឆ្នាំ គឺពីឆ្នាំ៥៣ យើងទទួលបានឯករាជ្យ ប៉ុន្តែការកសាងរបស់ព្រះករុណាបិតា បានត្រឹមពីឆ្នាំ៥៥ រហូតមកទេ ជាមួយនឹងការរំខានពីកម្លាំងប្រឆាំង និងការឈ្លានពានរបស់ពួកបរទេស ៕ ដោយ ខា ដា