ព័ត៌មានជាតិ

ទូតចិន ៖ ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាង កម្ពុជា-ចិន បង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏អស្ចារ្យ

ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាង ចិន-កម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនប្រទេសទាំងពីរ។

ក្នុងពិធីសម្ពោធបើកដំណើរការ«ភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៥» នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ លោក Wang Wentian មានប្រសាសន៍ថា « ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាង ចិន និងកម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏ អស្ចារ្យសម្រាប់ប្រជាជនទាំងពីរ ប្រទេស។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែជំរុញយ៉ាងសកម្ម ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិន និងកម្ពុជា បានស្វាគមន៍ជាមួយឱកាស នៃការអភិវឌ្ឍដ៏មានតម្លៃបំផុត»។

ជាងនេះទៅទៀត លោក ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ព្រឹត្តិការណ៍បើកដំណើរការ ភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមនេះ បានក្លាយជាគម្រោងសកម្មភាពមួយ សម្រាប់ការលើកកម្ពស់កិច្ចផ្សារភ្ជាប់ដួងចិត្ត នៃប្រជាជនទាំងពីរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែជំរុញការស្វែងយល់អំពីវប្បធម៌ចិន ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយលើកកម្ពស់វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ឲ្យកាន់តែសម្បូរបែប ដែលស្ថិតនៅក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ៤ឆ្នាំកន្លងមកព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើម» ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពី ប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាងច្រើនកុះករ រាល់ការដាក់បញ្ចាំងភាពយន្តចិនខ្មែរ នៅតាមតំបន់នានា ក្នុងរាជធានី-ខេត្ត ក្រុងនីមួយៗ។

លោកស្រីបញ្ជាក់ថា «អ្វីដែលអាចទាក់ទាញធ្វើឲ្យប្រជាជនខ្មែរ យើងនិយមទស្សនាខ្សែភាពយន្តចិន ក៏ព្រោះតែប្រទេសយើងទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំងនេះក៏ជាមូលហេតុ ដែលធ្វើឲ្យខ្សែភាពយន្តក៏ដូចជាសិល្បៈ និងវប្បធម៌របស់ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរ ឲ្យចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង»។

សូមជម្រាបថា ព្រឹត្តិការណ៍ ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៥នេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម រួមមាន ខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិន បញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង ៖ កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន ,អ្នកក្លាហានដំបងបិសាច ,ក្ដីស្រមៃយុវជនចិនវគ្គ២ និង ម្ចាស់របាំងមុខជាដើម។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀន ទីប្រជុំជន និងបន្ទាយកងទ័ពជាដើមនៅតាមបណ្ដារាជធានី-ខេត្ត និងក្រុងនានា ដូចជា ៖ រាជធានីភ្នំពេញ ,ខេត្តកណ្ដាល ,តាកែវ ,កំពត ,កំពង់ស្ពឺ ,ស្វាយរៀង ,ព្រៃវែង ,កំពង់ចាម និងត្បូងឃ្មុំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៥ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជា ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕

ដោយ៖ អេង ប៊ូឆេង

To Top