ភ្នំពេញ៖ ទីបំផុតវិវាទករណីសំណង់ផ្សារ ទំនើបសេនជូរីផ្លាហ្សា បានដោះស្រាយបញ្ចប់រួចរាល់ ស្របតាមវិធីសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល បញ្ចប់ករណីវិវាទរវាងក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសារសង់ ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
ថ្លែងក្នុងឱកាសនោះ លោកស្រី បានមានប្រសាសន៍ថា កន្លងមកជម្លោះនេះ ក៏បានធ្វើឲ្យសំណង់ផ្សារ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់ មានអារម្មណ៍មិនល្អចំពោះ គម្រោងនៃការសាងសង់ ផ្សារទំនើសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់នេះមិនអាចបញ្ចប់ តាមកិច្ចសន្យាដែលបានកំណត់ និងម្យ៉ាងទៀត ក៏បានធ្វើឲ្យអាជីវករខកខាន ក្នុងការលក់ដូរផងដែរ ។
លោកស្រី ក៏បានបន្តទៀតថា កន្លងមកក្រសួងបានចាត់គណៈប្រតិភូ ចុះអង្កេតស្រាវជ្រាវដល់មូលដ្ឋានទំនាស់ និងមានការប្រជុំសម្របសម្រួលជាបន្តបន្ទាប់ ។
ដោយឡែកនៅរសៀលថ្ងៃនេះ ក្រោមការដឹកនាំកិច្ចប្រជុំ សម្របសម្រួលបញ្ចប់វិវាទ នៅចំពោះមុខវត្តមានរបស់លោកស្រី ម៉ែន សំអន គូភាគីទាំងសង្ខាងបានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមវិធីសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ។ ជាពិសេសភាគីទាំងអស់ក៏បានឯកភាព និងសន្យាអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមស្មារតីកិច្ចប្រជុំនារសៀលនេះក្នុងការបញ្ចប់ទំនាស់ និងបន្តការសាងសង់បញ្ចប់ ។
នៅចំពោះមុខអង្គប្រជុំ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា ក៏បានប្រគល់ការដ្ឋានសំណង់ជូន លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុនសេនជូរីហ្គ្រុប បន្តសាងសង់បញ្ចប់ ដើម្បីឲ្យភាគីក្រុមហ៊ុន បានប្រគល់ជូនដល់អាជីវករជាង ១.២០០តូប អាចធ្វើការលក់ដូរជាធម្មតាវិញនៅក្នុងផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកស្រី ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន នឹងបន្តបញ្ចប់ការសាងសង់ ដោយគោរពតាមបទដ្ឋាននៃសំណង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ រាជធានីភ្នំពេញបន្ថែមមួយកម្រិតទៀត ។
នៅចុងបញ្ចប់ភាគីទាំងអស់ក៏បានធ្វើការប្រគល់ និងទទួលនូវកិច្ចសន្យាសាងសង់ នៅក្នុងទីតាំងការដ្ឋានផងដែរ ៕ ស សំណាង