ភ្នំពេញ ៖ នេះជាប្រសាសន៍ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះនាយកដ្ឋានអប់រំកែប្រែ និងស្តារ នីតិសម្បទា នៅសាលប្រជុំអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
ក្នុងពិធីជួបសំណេះសំណាលនេះលោក ឆែម សាវុធ បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំគឺត្រូវជាមេកែ គឺម៉ែគេដែលយល់ពីសុខទុក្ខកូនចៅថ្នាក់ក្រោម ដោយប្រកាន់ភ្ជាប់ នូវព្រហ្មវិហារធម៌បួនយ៉ាង។
លោកថា មេគិត គឺមិត្តគេ ដែលស្រលាញ់រាប់អានគ្នា ដោយសាមគ្គីភាពជាមិត្តល្អ ។ ចំពោះមេគន់ គឺមុនគេរាល់ការងារទាំងឡាយ គឺផ្តើមគំនិត ផ្តើមធ្វើអ្វីដែលជោគជ័យ ដល់អង្គភាព។ សម្រាប់មេគុក គឺមុខដែលទទួលខុសត្រូវការងារ ការពារ និងថែរក្សា ។
លោក ឆែម សាវុធបន្តថា ជាមន្រ្តីពន្ធនាគារ ត្រូវខិតខំបំពេញកាតព្វកិច្ច អនុវត្តការងារប្រចាំថ្ងៃ ស្របតាមផែនការយុទ្ធសាស្រ្ត របស់អគ្គនាយកដ្ឋាន ដោយត្រូវគោរពវិន័យ វិន័យនាំមកនូវកិត្តយស និងសេចក្តីថ្លៃថ្នូរ ។
ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ។ ត្រូវសាមគ្គីភាពផ្ទៃក្នុង មានរបបប្រជុំជាប្រចាំ ដើម្បីដោះស្រាយបញ្ហា និងរួមសហការគ្នា គោរពតាមឋនានុក្រមការងារ៕