ព័ត៌មានជាតិ

វិភាគ: លោក ត្រាំ និងលោក ចូ បៃដិន ប្រើយុទ្ធសាស្ត្រផ្សេងគ្នា ក្នុងការទប់ទល់ឥទ្ធិពលចិន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ The Diplomat បានចុះផ្សាយថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន និងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ មានយុទ្ធសាស្ត្រផ្សេងគ្នា ក្នុងការទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសគឺនៅសមុទ្រចិនខាងត្បូង ។

យុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពល របស់ប្រទេសចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមែនបានចាប់ផ្តើមឡើងនៅត្រឹម លោក ដូណាល់ ត្រាំ នេះទេ គឺអតីតប្រធានាធិបតីអាមេរិកផ្សេងទៀត ដូចជាលោក បារ៉ាក់ អូបាម៉ា ជាដើម ក៏បានចេញយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលចិនដែរ ប៉ុន្តែគ្រាន់តែជាយុទ្ធសាស្ត្រផ្សេងពីគ្នា ។

លោក អាន់តូនី ភ្លីងកិន (Antony Blinken) រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិកក្នុងរដ្ឋាភិបាលថ្មី បាននិយាយថា លោក ចូ បៃដិន អាចនឹងយកយុទ្ធសាស្ត្រ របស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការទប់ទល់នឹងឥទ្ធិពលចិន ដោយមិនដើរតាមយុទ្ធសាស្ត្រ របស់លោក ដូណាល់ ត្រាំ នោះទេ ។

លោក អាន់តូនី ភ្លីងកិន បានឆ្លើយនៅចំពោះមុខគណៈកម្មការព្រឹទ្ធសភា នៅពេលដែលចូលខ្លួន ទៅបំភ្លឺសុំសេចក្តីទុកចិត្តពីព្រឹទ្ធសភា ដើម្បីកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសថា រដ្ឋាភិបាលថ្មី នឹងបិទបញ្ចប់នយោបាយឯកតោភាគីនិយម របស់លោក ដូណាល់ ត្រាំ និងប្រកាន់យក គោលនយោបាយពហុភាគីនិយមវិញ ។

លោក អាន់តូនី ភ្លីងកិន បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន នឹងមិនបន្ទន់ជំហរជាមួយប្រទេសចិនទេ ជាពិសេសក្នុងនយោបាយការបរទេស នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរដ្ឋាភិបាលថ្មី នឹងយកឈ្នះប្រទេសចិន ក្នុងការប្រកួតប្រជែងនៅតំបន់នេះ នៅពេលខាងមុខ ។

មើលទៅលើតម្រ៉ុយអស់ទាំងនេះ គេអាចរំពឹងទុកបានថា យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក មិនថានឹងត្រូវប្តូរឈ្មោះទៅជាយ៉ាងណាវិញនោះទេ ក៏ប៉ុន្តែវានឹងនៅតែជាយុទ្ធសាស្រ្តចម្បងមួយ របស់សហរដ្ឋអាមេរិក ក្នុងគោលគំនិតទប់ស្កាត់ ការពង្រីកឥទ្ធិពលរបស់ប្រទេសចិន ដើម្បីយកឈ្នះ ក្នុងការប្រជែងអំណាចជាមួយនឹងចិន ។

ភាពខុសគ្នា រវាងលោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក បារ៉ាក់ អូបាម៉ា ក្នុងយុទ្ធសាស្ត្រទប់ទល់ ជាមួយឥទ្ធិពលរបស់ប្រទេសចិន ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺលោក អូបាម៉ា ប្រកាន់យកយន្តការពហុភាគីនិយម និងការពង្រឹងទំនាក់ទំនង ជាមួយប្រទេសជាសម្ព័ន្ធមិត្ត រួមទាំងអូសទាញប្រទេសផ្សេងទៀត នៅអាស៊ីអោយជួយប្រឆាំងប្រទេសចិន ។

ចំណែកលោក ដូណាល់ ត្រាំ វិញ ប្រកាន់យកយុទ្ធសាស្ត្រ ចង់អោយសហរដ្ឋអាមេរិក ដើរតួឯកចេញមុខប្រឆាំង ជាមួយប្រទេសចិនតែម្នាក់ឯង ឬអូសទាញប្រទេសដទៃ អោយជួយប្រឆាំងចិនដែរ ប៉ុន្តែជាយន្តការបោះបង់ពហុភាគីនិយម ទៅតាមគោលនយោបាយ គិតប្រយោជន៍អាមេរិកជាអាទិ (America First) ។

គោលនយោបាយ គិតប្រយោជន៍អាមេរិកជាអាទិ (America First) របស់លោក ដូណាល់ ត្រាំ មិនត្រឹមតែអាចយកឈ្នះប្រទេសចិនបានទេ ថែមទាំងបានធ្វើអោយសហរដ្ឋអាមេរិកខ្លួនឯង បាត់បង់ឥទ្ធិពលយ៉ាងខ្លាំង លើឆាកអន្តរជាតិ ដោយសារតែអាមេរិក មិនខ្វល់ពីប្រទេសជាសម្ព័ន្ធមិត្ត និងមិនផ្តល់ផលប្រយោជន៍ អោយប្រទេសសម្ព័ន្ធមិត្ត ។

សម្រាប់លោក ចូ បៃដិន គោលនយោបាយការបរទេស ដែលអាចយកឈ្នះប្រទេសចិនបាន គឺផ្តោតទៅលើចំណុចចំបង២សំខាន់ គឺទី១ ស្តារទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត ដែលត្រូវបានប្រេះឆាខ្លាំង ក្នុងអាណត្តិប្រធានាធិបតី រយៈពេល៤ឆ្នាំរបស់លោក ត្រាំ ដែលធ្វើអោយប៉ះពាល់ ដល់សហរដ្ឋអាមេរិក ។

ទី២ លោក ចូ បៃដិន នឹងដឹកនាំសហរដ្ឋអាមេរិក អោយវិលត្រឡប់មកដើរតួនាទីចម្បង នៅលើពិភពលោកវិញ ក្នុងនយោបាយអន្តរជាតិ ដូចជាពង្រឹងទំនាក់ទំនងជាមួយអង្គការណាតូ ពង្រឹងទំនាក់ទំនងជាមួយប្រទេស នៅតំបន់អាស៊ី និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ក្នុងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន ។

ដើមចមនាំអោយកើតរឿង
សមាគមអាមេរិក សម្រាប់សិក្សាពីប្រទេសចិន (American Association for Chinese Studies) ដែលហៅកាត់ថា AACS បានអោយដឹងថា ដើមចមដែលនាំអោយ ប្រទេសមហាអំណាចទាំងពីរ គឺអាមេរិក និងចិន ប្រកួតប្រជែងឥទ្ធិពលគ្នា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺដោយសារកំណើននៃឥទ្ធិពល របស់ប្រទេសចិនកាន់តែកើនឡើងខ្លាំង ។

AACS បានបន្ថែមថា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ឥទ្ធិពលរបស់ប្រទេសចិន ទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យយោធា បានកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងតំបន់ និងទាំងនៅលើឆាកអន្តរជាតិ ដែលធ្វើអោយប៉ះពាល់ ដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាច នៅលើពិភពលោកស្រាប់ ។

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានដាក់ចេញយុទ្ធសាស្ត្រឈ្មោះថា Pivot to Asia ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ដែលជាយុទ្ធសាស្ត្រពហុភាគីនិយម ដោយអាមេរិកប្រមែប្រមូលប្រទេស ក្នុងតំបន់អាស៊ី អោយជួយប្រយុទ្ធប្រឆាំង ជាមួយប្រទេសចិន តាមរយៈការទទួលបានផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចពីអាមេរិក ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបច្ចុប្បន្ននេះ ក៏អាចយកយុទ្ធសាស្ត្រ Pivot to Asia របស់លោក បារ៉ាក់ អូបាម៉ា ទៅអនុវត្តដើម្បីទប់ទល់ជាមួយឥទ្ធិពលចិនដែរ ដោយសារតែប្រធានាធិបតីរូបនេះ គឺជាអនុប្រធានាធិបតីក្នុងរដ្ឋបាល របស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា រយៈពេល២អាណត្តិ៨ឆ្នាំ ។

ចំណែកលោក ដូណាល់ ត្រាំ បានដាក់ចេញយុទ្ធសាស្ត្រ ទប់ទល់ឥទ្ធិពលចិនឈ្មោះថា យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” ដែលមានឈ្មោះថា “ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ” (Free and Open Indo-Pacific) ដែលត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសវៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តែជាយុទ្ធសាស្ត្រឯកតោភាគីនិយម ផ្ទុយពីលោក បារ៉ាក់ អូបាម៉ា ៕
ដោយ៖ អ៊ី ជិន

To Top