កំពង់ចាម៖ «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍន៍» លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់ សាខាសមាគមន៍ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ថ្នាក់ដឹកនាំ និង អ្នកនាង កញ្ញា ជាសមាជិកសាខា សមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សរុបចំនួន១៨០នាក់។
លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី សូមសម្ដែងនូវការ កោតសរសើរ ចំពោះ លោកស្រី ប្រធានប្រតិបត្តិសាខាសមាគម ដែលបានដឹកនាំ និងខិតខំប្រឹងប្រែង ជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះ ក្នុងខេត្តរបស់យើង ដែលលទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។
លោកស្រី ញូង ចរិយា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល» ។
លោកស្រីបន្តថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាព របស់ប្រជាជន ។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រ នឹងត្រូវបាត់បង់ផងដែរ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។
លោកស្រី ញូង ចរិយា បានបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាមានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យ ដូចដែលយើងបានឃើញក្នុងបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនោះដែរ លោកស្រីប្រធានកិត្តិយស សាខាសមាគមនារីខេត្ត ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សមាជិកាសាខា សមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម សូមយកចិត្តទុកដាក់ផ្តោតលើការងារសំខាន់ៗ ដែលជាអាទិ៍មាន៖ ត្រូវចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បី ជៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេស ជម្ងឺ COVID-19 ។ ត្រូវបន្តអនុវត្តឲ្យបានជោគជ័យ នូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និង ពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យកាន់តែរឹងមាំ។ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងផ្នែកជំនាញ និងបច្ចេកទេស ដើម្បី ជាផលប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេស ស្ត្រី និងកុមារ៕