ព័ត៌មានជាតិ

រដ្ឋមន្រ្តី ណែនាំមន្ទីរកសិកម្ម-រដ្ឋបាលព្រៃឈើ កៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍ព្រៃឈើ ជាគោលដៅជំរុញបង្កើនផលិតកម្មស្បៀង

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ ជួយកៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍ព្រៃឈើ ធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀង តាមរយៈ ចិញ្ចឹមសត្វ ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍ សហគមន៍ព្រៃឈើព្រៃហ៊ុ មានទីតាំងក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ ស្វាយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «សូមណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស រដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍ព្រៃឈើទូទាំងប្រទេស ធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ»។

លោកបន្ដថា ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍ អេកូទេសចរណ៍ ដើម្បីទាញយក ប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយៈបង្កើតរបរ បន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុង សហគមន៍ឲ្យបានល្អ ដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ ត្រូវបោះបង្គោលព្រំដីសហគមន៍ និងធ្វើប្លង់ដីកម្មសិទ្ធិចៀសវាង ការទន្រ្ទានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។

លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើ ដែលបានសហការគ្នារៀបចំ បង្កើតសហគមន៍ព្រៃឈើ ជាពិសេស យកគម្រោងមកអនុវត្តក្នុងសហគមន៍ផ្ទាល់ ដើម្បីជាប្រយោជន៍ក្នុងការ បង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវៈចំរុះ ធានាបាននូវនិ រន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសកែប្រែ ឬលើកកម្ពស់កម្រិតជីវភាព ធានាបានការអភិវឌ្ឍសហគមន៍ ព្រៃឈើប្រកបដោយចីរភាព។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជួយបន្ថែមលើការងារបច្ចេកទេស និងទីផ្សារដើម្បីរំដោះផលដំណាំ ដែលផលិតដោយសហគមន៍៕

To Top