ភ្នំពេញ ៖ ក្នុងឱកាសខួប១ឆ្នាំ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ លើកដំបូងនៅខេត្តព្រះសីហនុនោះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ត្រូវបន្ដចូលរួ មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
កម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ដោយបានធ្វេីតេស្តចំនួន ៣៩៤៣១២ស្មេីនឹង ២៣៤៧០ក្នុង១លាននាក់។
គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤២៣នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យ ចំនួន៣៧នាក់។
តាមរយៈសារសំឡេងនៅថ្ងៃទី២៧ មករា នេះ លោកស្រី ឱ វណ្ណឌីន បានរំលឹកថា នៅថ្ងៃទី២៧ មករា នេះ គឺជាខួប១ឆ្នាំ ដែលកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ លើកដំបូង នៅខេត្តព្រះសីហនុ ។ លោកស្រីថា ការទប់ស្កាត និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាកិច្ចការដល់មានសារៈសំខាន់របស់កម្ពុជា។
លោកស្រីបញ្ជាក់ថា «សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមលោក-អ្នក បន្ដការយកចិត្តទុក ដាក់ក្នុងការការពារខ្លួនឲ្យបានត្រឹមត្រូវបំផុត កុំទ្វេសប្រហែសឲ្យសោះ កុំមើលស្រាលទៅ លើលទ្ធភាពនៃការវៃលុករបស់វិរុសកូវីដ-១៩។ហើយយើងត្រូវគិតថា វិរុសកូវីដ-១៩នេះ អាចវៃលុកមកលើសេរីរាងយើង គ្រប់ពេលវេលា គ្រប់កា លៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់» ។
លោកស្រីបន្ដថា ដូច្នេះហើយបានតម្រូវការចាំបាត់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការបន្ដអនុវត្តនូវវិធានការ ឲ្យបានត្រឹមត្រូវបំផុតតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ។លោកស្រីបន្ដថា ការអំពាវនាវឲ្យប្រជាពលរដ្ឋបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ គឺដើម្បីសុខភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងសុខភាពក្រុមគ្រួសារជាដើម។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ តាមផ្លូវគោក និងផ្លូវអាកាស ហើយអ្នកចូលមកកម្ពុជា តរូវបន្ដអនុវត្តនូវវិធានការចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃដែលបានកំណត់ដោយក្រសួងសុខាភិបាល ជាពិសេសកុំរត់គេចពីការធ្វើចត្តាឡីស័ក។
អ្នកនាំពាក្យថា ការចូលរួមធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេស ដើម្បីសុខភាពខ្លូនឯង និងទប់ស្កាតការចម្លងពីបុគ្គលទៅក្រុមគ្រួសារ ជាពិសេស ក៏បានទប់ស្កាតការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ផងដែរ៕