ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ បានទទូចស្នើសុំយុត្តិធម៌ ក្រោយចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង ចំនួន៣នាក់រួមមាន លោក ម៉ុង មុនីសោភា, លោក សម ប៊ុនថុន និងលោក នៅ មុនីជោតបានស្នើសុំដោះលែង ជនជាប់ចោទពីបទឃាតកម្មគិតទុកជាមុនឲ្យមានសេរី ប៉ុន្តែព្រះរាជអាជ្ញា មិនយល់ព្រមនោះឡើយ ខណៈកាលពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២០ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចផ្តន្ទាទោសជន ជាប់ចោទឈ្មោះ ព្រំសួស សំណាង ភេទប្រុស អាយុ ៣២ ដាក់ពន្ធនាគារអស់មួយជីវិត និងបង់ប្រាក់សំណងចំនួន២០០លានរៀល ទៅឲ្យដើមបណ្ដឹង។
ជុំវិញសេចក្ដីសម្រេចមិនប្រក្រតីនេះ មជ្ឈដ្ឋាននានា បានដាក់ការសង្ស័យថា ប្រហែលមកពីចៅក្រម សាលាឧទ្ធរណ៍បាត់ដំបងចំនួន៣នាក់ រួមមាន លោក ម៉ុង មុនីសោភា, លោក សម ប៊ុនថុន និងលោក នៅ មុនីជោតទទួលបានសំណូកក្រាស់ក្រែល ពីក្រុមគ្រួសារជនជាប់ចោទ ទើបហ៊ានស្នើសុំដោះលែងជនជាប់ចោទ ពីបទឃាតកម្មគិតទុកជាមុន ឲ្យមានសេរីឡើងវិញ។ ហើយហេតុអ្វីបានជាចៅក្រុមទាំង៣រូបខាងលើ ច្រានចោលសេចក្ដីសម្រេច របស់សាលាដំបូងបាត់ដំបង និងភស្តុតាង របស់នគរបាលយុត្តិធម៌ទៅវិញ ក្រុមគ្រួសារជនរងគ្រោះ ទទូចស្នើសុំឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយចាត់វិធានការ និងត្រួតពិនិត្យសកម្មភាពមិនប្រក្រតី របស់ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបងចំនួន៣នាក់ រួមមាន៖ លោក ម៉ុង មុនីសោភា, លោក សម ប៊ុនថុន និងលោក នៅ មុនីជោត៕