ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹមថា គណៈមេធាវីថ្មីរប ស់កម្ពុជា នឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហានានាក្នុងសង្គមជាតិ ជាពិសេស ពង្រឹង ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «អបអរសាទចំពោះការជាប់ឆ្នោតរបស់ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានគណៈមេធាវីកម្ពុជា ហើយនឹងអស់លោក-លោកស្រី ដែលជាសមាជិកគណៈមេធាវី ហើយសង្ឃឹមជឿជាក់ថា ឯកឧត្តមប្រធាន និងគណៈមេធាវីទាំងមូល បន្ដបេសកម្មពីគណៈមេធាវីមុនៗ ដើម្បីដើរតួនាទី កាន់តែសកម្មច្រើនថែមទៀត ដើម្បីជួយដោះស្រាយនូវបញ្ហានានា នៃសង្គមរបស់យើង ជាពិសេសគឺថា ពង្រឹងប្រព័ន្ធយុត្តិធម៌»។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម លើកឡើងថា ដោយបានការអនុញ្ញាតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ដ្រីនៃកម្ពុជា បានរៀបចំកែលំម្អ នៅគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពថ្មី។
សម្ដេចថា គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មិនមែនជារបស់ក្រសួងណាមួយឡើយ គឺជារបស់រាជរដ្ឋាភិបាល។ ក្នុងនោះ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព មាន៧ចំណុចសំខាន់ៗ រួមមាន ៖ទី១-ផ្ដល់សេវាសាធារណៈ ,ទី២-សន្ដិសុខ ,ទី៣-សណ្ដាប់ធ្នាប់សាធារ ណៈ និងចរាចរណ៍ ,ទី៤-ដោះស្រាយ នៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ,ទី៥-បរិស្ថាន ,ទី៦-គ្រោះមហន្ដរាយ និងទី៧-គ្មានអំពើហិង្សា និងក្មេងទំនើង។
សម្ដេចក្រឡាហោម បន្ដថា ខ្លឹមសារទាំង៧ខាងលើនេះ គឺជាខ្លឹមសារនយោបាយដ៏មានសារៈសំខាន់ ដើម្បីបម្រើដល់ ការបោះឆ្នោតនាពេលខាងមុខនេះ។
ជាការឆ្លើយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានរៀបរាប់ថា លោកបានដឹកនាំការងារ ដូចគណៈ មេធាវីមុនៗ ដោយមានការកែទម្រង់មួយចំនួន ហើយក៏ទទួលបានលទ្ធផលល្អ ផងដែរ៕