ព័ត៌មានជាតិ

រុស្សី សាទរ ចំពោះសមិទ្ធផល ដ៏អស្ចារ្យ ដែលកម្ពុជាទទួល តំណក់ប្រេងលើកដំបូង

ភ្នំពេញ ៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា បានអបអរសាទរ ចំពោះសមិទ្ធផលដ៏អស្ចារ្យ ដែលកម្ពុជាទទួលតំណក់ប្រេង លើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក Anatoly BOROVIK បានថ្លែងថា «សូមអបអរសារទចំពោះ សមិទ្ធិផលដ៏អស្ចារ្យដែលកម្ពុជា ទទួលតំណក់ប្រេងដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០២០ កន្លងទៅ» ។

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងរ៉ែ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រដល់ការវិនិយោគរុស្សីមកកម្ពុជា ជាពិសេស គឺឱកាសក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកអគ្គរដ្ឋទូតរុស្សី បានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖

ទី១-គម្រោងកិច្ចសហប្រតិបត្តិការ ភូគព្ភសាស្ត្រ និងការអភិវឌ្ឍធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្សី។

ទី២-គម្រោងកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលបរមាណូ សម្រាប់បម្រើឲ្យគោល បំណងសន្តិភាព។

ទី៣-សក្តានុពល និងឱកាស នៃការវិនិយោគ របស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យប្រេង និងឧស្ម័នរួមមាន ការស្វែងរុករក ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត។

ទី៤-សក្តានុពល និងឱកាស នៃការវិនិយោគ របស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យថាមពលកកើតឡើងវិញ រួមមាន ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ។

និងទី៥-ការផ្តល់អាហារូបករណ៍ និងគម្រោងកសាង សមត្ថភាពសម្រាប់មន្ត្រី និងសិស្សនិសិ្សតកម្ពុជា ក្នុងវិស័យថាមពល ប្រេងនិងឧស្ម័ន៕

To Top