ព័ត៌មានជាតិ

ឆ្នាំ២០២០ កម្ពុជាទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ១.៣១លាននាក់ ថយចុះ៨០% និងភ្ញៀវទេសចរផ្ទៃក្នុង ៩លាននាក់ ថយចុះ២០%

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១លាននាក់ ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង ទេសចរណ៍។

ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា “ទោះស្ថិតក្នុងបរិការណ៍ប្រឈមខាងលើ ដែលធ្វើឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិត្រឹមតែប្រមាណ ១.៣១លាននាក់ ក្នុងឆ្នាំ២០២០ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩ តែសកម្មភាពទេសចរណ៍ផ្ទៃក្នុង បានបង្ហាញសញ្ញានៃការងើបឡើង ដោយយើងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០%”។

លោកថា ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់ វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយ ផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ ៕

To Top