Covid-19

ទោះជួបវិបត្តិកូវីដ១៩ តែខេត្តកំពតរក្សាបាន ភាពល្អប្រសើរ លើគ្រប់វិស័យ

ភ្នំពេញ៖ លោក ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តកំពត បានថ្លែងបញ្ជាក់ថា បើទោះបីក្នុងកាលៈទេសៈ នៃការរីរាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ខេត្តកំពត នៅតែអាចរក្សាបាននូវ ភាពល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យធុរកិច្ច ទេសចរណ៍ និង អចលនទ្រព្យជាដើម ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ/សង្កាត់ និងទិសដៅការងារបន្ត” របស់ខេត្តកំពត នាព្រឹកថ្ងៃទី២៨ មករានេះ លោក ញ៉ូវ សាឯម បានមានប្រសាសន៍ថា ឆ្នាំ២០២០នេះ ក្រុមហ៊ុនមកធ្វើការវិនិយោ គនៅខេត្តកំពតមានចំនួន ៣៥ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុន វិនិយោគវិស័យកសិ-ឧស្សាហកម្មចំនួន ៤ កំពង់ផែខ្នាតតូចចំនួន ៥ ឧស្សាហកម្មចំនួន ៩ ទេសចរណ៍-សណ្ឋាគារចំនួន ១០ ភោជនីយដ្ឋានចំនួន ១ ថាមពលចំនួន ៣ តំបន់សេដ្ឋកិច្ច ពិសេសចំនួន ២ ផលិតនិងកែច្នៃផលិតផលសមុទ្រចំនួន ១។ ឧស្សាហកម្មធុនធំ សហគ្រាសធុន តូច មធ្យម និងសិប្បកម្ម សរុបចំនួន ២.៨៨៧មូលដ្ឋាន មានច្បាប់អនុញ្ញាតចំនួន ១៨៩មូលដ្ឋាន ក្នុងនោះ ឧស្សាហកម្មធុនធំ ២៤មូលដ្ឋាន សហគ្រាសធុនតូច និងមធ្យម ៤៩មូលដ្ឋាន សិប្បកម្មសរុប ២.៨១៤មូលដ្ឋាន មានច្បាប់អនុញ្ញាតិចំនួន ១១៦មូលដ្ឋាន ដែលចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សរុបបានចំនួន ៦៧៧ច្បាប់។

លោកបន្តថា អាជ្ញាប័ណ្ណសរុបមានចំនួន ៥៤ រួមមាន៖ អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម ចំនួន ២៩ អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ថ្មកំបោរ)ចំនួន ០៦ អាជ្ញាបណ្ណរុករកនិងសិក្សាស្រាវជ្រាវចំនួន ០១ និង អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចំនួន ១៨ ដោយប្រមូលចំណូលសួយសាររ៉ែសំណង់ស្មើនឹង ៥.៧៦៦.៥៨៨,៣៦ដុល្លារ(ប្រាំលាន ប្រាំពីររយហុកសិបប្រាំមួយពាន់ ប្រាំរយប៉ែតសិបប្រាំបី ក្បៀស សាមសិបប្រាំមួយដុល្លារ)។

សមាជិកក្រុមប្រឹក្សាខេត្តកំពតរូបនេះបញ្ជាក់ថា «បើទោះបីជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ខេត្តកំពតគ្រប់វិស័យមានលក្ខណៈល្អប្រសើរ ជាពិសេសវិស័យធុរកិច្ច ទេសចរណ៍ អចលនទ្រព្យជាដើម» ។

លោកបន្ថែមថា ជាក់ស្តែងភ្ញៀវទេសចរ បានមកទស្សនាកម្សាន្ដតាមរមណីយដ្ឋាននានា និងស្នាក់នៅខេត្ត សរុបចំនួន១.៦៧៧.៥៩៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនសរុប ១.៦៦៥.០០២ នាក់ មានការកើនឡើង ០.៧៥ % ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនសរុប ១.៦១០.៩៤៥ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១.៤៨៤.៥៣៩នាក់ មានការកើនឡើង ៨.៥១% ភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ៦៦.៦៥១ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ១៨០.៤៦៣នាក់ មានការថយចុះ ២៧០.៧៥ % ដោយសារបញ្ហាជំងឺកូវីដ១៩ រាតត្បាតសកល។

លោកគូសបញ្ជាក់ថា «ជាការកត់សម្គាល់ឃើញថា សកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចនៅរក្សាបានប្រក្រតីភាព និរន្តភាព និងស្ថិរភាព ជាធម្មតា ទោះជាក្នុងកាលៈទេសៈដែលខេត្តកំពត ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ក៏ដោយ។ ជាក់ស្តែងរោងចក្រ សហគ្រាសនៅដំណើការធម្មតា ចំណែកភ្ញៀវទេសចរនៅតែមានការកើនឡើង ចំណូលពន្ធដារនៅរក្សាបានកំណើន។ កត្តាទាំងនេះហើយដែលធ្វើឲ្យខេត្ត ពុំចាំបាច់ធ្វើការចំណាយ ឧបត្ថម្ភលើកម្មកររោងចក្រ និងបុគ្គលិកផ្នែកសេវាកម្មទេសចរណ៍។ ក្រៅពីនេះដំណើការផលិតអំបិល នៅប្រព្រឹត្តទៅជាធម្មតា ដែលផ្នែកនេះក៏ជួយស្រូបយក កំលាំងពលកម្មមួយភាគដែរក្នុងខេត្ត» ។

លោកថ្លែងថា លទ្ធផលទាំងនេះចាត់ទុកថាខេត្តកំពត បានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ក្នុងការធ្វើអន្តរាគមន៍ជួយដោះស្រាយបញ្ហា សេដ្ឋកិច្ចសង្គម ក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ពលករត្រឡប់មកពីក្រៅប្រទេស ក្រោយរងផលប៉ះពាល់ដោយវីរុសកូវីដ-១៩ មានចំនួន ១.៧៨៩នាក់ ស្រី ៧១០ នាក់ លើចំនួន ៣០៣ភូមិ ៨១ឃុំ សង្កាត់ មកពីប្រទេសផ្សេងៗ ដូចជា ប្រទេសថៃ ១.៦៨៥នាក់ ប្រទេសកូរ៉េ ៧០នាក់ ប្រទេសចិន ១៤នាក់ ប្រទេសជប៉ុន ៤នាក់ ប្រទេសម៉ាឡេស៊ី ១៦ នាក់ បានអនុវត្តតាមវិធានការ សុខាភិបាលយ៉ាងខ្ជាប់ខ្ជួន មានអ្នកកំពុងធ្វើចត្តាឡីស័កចំនួនសរុប ១០៨ នាក់ ស្រី ៣៧ នាក់។

លោកថា ក្នុងនោះ រដ្ឋបាលខេត្ត បានត្រៀមកន្លែងធ្វើចត្តាឡីស័ក និងត្រៀមមន្ទីរពេទ្យសម្រាប់ព្យាបាល និងទទួលពលករត្រឡប់មកក្នុង និងក្រៅប្រទេសទូទាំងខេត្តមានចំនួន ០៧កន្លែង ស្មើនឹង១៥០បន្ទប់ (រដ្ឋ០៦ និងឯកជន០១) និងតាមបណ្តាក្រុង ស្រុក ដូចជា មណ្ឌលសុខភាព សាលារៀន ក្នុងរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា ៣០លានរៀល សម្រាប់ការងារចត្តាឡីស័ក ៕

To Top