ព័ត៌មានជាតិ

រដ្ឋបាលជលផល និងអង្គការ WCS លែងអណ្តើកហ្លួង ចំនួន១០ក្បាល ចូលក្នុងទីជម្រកធម្មជាតិ

ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គការសមាគមអភិរក្ស សត្វព្រៃប្រចាំ កម្ពុជា (WCS) និងនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យាន សត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុង សីលា ខេត្តព្រះសីហនុ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ WCS បានឲ្យដឹងថា ពិធីលែងនេះ បានធ្វើឡើងក្រោមគម្រោងមួយ ដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប(EU , ឧទ្យានសត្វ ) ព្រៃWRS, Rainforest Trust, US Forest Service និង TSA ហើយដែលគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

ជាងនេះទៅទៀត ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែង រយៈពេលជិតពីរទសវត្សរ៍ ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើកទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនកោះកុង និងការការពារសត្វអណ្តើក នៅក្នុងសហគមន៍តាមដង ព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។

អង្គការ WCS បញ្ជាក់ថា ការលែងអណ្តើកហ្លួង លើកទី៥ ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែង លើកទី១ , ទី២ និងទី៣ ក្នុងឆ្នាំ ២០១៥ ,២០១៧ ,២០១៩ និង ២០២០ ដែលសរុបទាំងប្រាំលើក មានចំនួន ៩៦ក្បាល ៕

To Top