ភ្នំពេញ៖ តាមរយៈការខិតខំ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយម៉ាស់ចំនួន ១.៤៣២.៥០០ម៉ាស់ ដែលមានតម្លៃចំនួន ៧១៥.២០៨ដុល្លារ ជូនដល់ក្រសួងការបរទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា ក្នុងចំណោមម៉ាស់ជាង ១លាននេះរួមមាន៖
១/ Protective Mask ចំនួន ៤៥០.០០០ម៉ាស់
២/ Surgical Mask ចំនួន ៩០០.០០០ម៉ាស់
៣/ Single-use Medical Face Mask ចំនួន ៨២.៥០០ ម៉ាស់
ម៉ាស់ទាំងអស់ មានតម្លៃសរុបចំនួន ៧១៥.២០៨ ដុល្លារអាមេរិក ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
កាយវិការនេះគឺជាការចូលរួមចំណែក ជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន ដែលបាននឹងកំពុងរីកចំរើនលើគ្រប់វិស័យ ។ តាងនាមអោយរាជរដ្ឋាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងជីណាន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានផ្តល់អំណោយទាំងនេះ និងអរគុណដល់ ក្រសួងការបរទេសចិនដែលបានជួយ សម្របសម្រួលឯកសារពាក់ព័ន្ធដើម្បីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ ៕