ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ប្រពៃណីកាន់តែខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើលិខិតមួយច្បាប់ ជូនក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ ។
តាមរយៈសារលិខិតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភបាលកម្ពុជា តែងតែទទួលស្គាល់ផ្នែកឯកជន គឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបានដែលត្រូវ បំពេញឲ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញ សេដ្ឋកិច្ចជាតិឱ្យកាន់តែមានរីកចម្រើន។
សម្តេចតេជោស្វាគមន៍ និងផ្តល់ការគាំទ្រដល់គំនិត ច្នៃប្រឌិតក្នុងការកៀរគរវិនិយោគបន្ថែមទៀត ដែលនឹងជួយពន្លឿនការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
នៅឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកឈ្នះក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ នៅក្នុងដំណាក់កាលនេះ ពុំទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទេ ហើយការនាំចេញ និងនាំចូលនៅឆ្នាំ២០២០ របស់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ បែរជាមានការកើនឡើងក្នុងគ្រាដ៏លំបាកមួយនេះ ដោយសម្រេច បានទឹកប្រាក់សរុបចំនួន១៥៦៥លានដុល្លារ បានកើនឡើង២៦,៥២% បើប្រៀបធៀបនឹងឆ្នាំមុន។
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ដោយផ្ទាល់កាលពីខែកុម្ភៈ ឆ្នាំ២០០៨ តែងតែប្រកាន់ខ្ជាប់នូវគំនិត”ឈ្នះរួមគ្នា” បច្ចប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស អន្តរជាតិ ដែលបានទទួលសហគ្រាស មកពីអឺរ៉ុប អាមេរិក ចិននិងអាស៊ីអាគ្នេយ៍សរុបចំនួន១៦៦សហគ្រាស ហើយបានបង្កើតឱកាសការងារជិត ៣០០០០កន្លែង។
នៅឆ្នាំ២០២០ នៅចំពោះមុខការសាកល្បងដ៏ធ្ងន់ធ្ងរ ដែលជំងឺកូវីដ១៩កំពុងរីករាលដាល ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូនបានរួបរួមគ្នាជាមួយក្រុមហ៊ុន សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ និងរក្សាលំនឹងផលិតកម្ម ដែលបានដើរតួនាទីយ៉ាង សកម្មក្នុងរក្សាស្ថេរភាព ការងារសម្រាប់កម្មករបុគ្គលិក និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់ ។
លិខិតនេះបានបង្ហាញឲ្យឃើញថា សម្តេចតេជោទទួលស្គាល់សមិទ្ធផល នៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលនេះជាការរំពឹងទុក ក៏ដូចជាការលើកទឹកចិត្ត ដល់កម្មករបុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
លោកCHEN JIANGANG ប្រធាន ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី បានមានប្រសាសន៍ថា ” យើងខ្ញុំពិតជាមានមោទនភាព ក្រៃលែង ដែលបានទទួលលិខិតឆ្លើយតបដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ។ យើងខ្ញុំនឹងខិតខំជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ២.០ លើកកម្ពស់ឧស្សាហហូបនីយកម្ម អន្តរជាតិបនីយកម្ម និងមូលធននីយកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាពន្លឿនការរួមបញ្ចូលគ្នា រវាងឧស្សាហកម្មនិងទីក្រុង”។
លោកថា ការរួមបញ្ចូលគ្នា រវាងឧស្សាហកម្មនិងការអប់រំ និងការរួមបញ្ចូលគ្នា រវាងការអភិវឌ្ឍ នៃសហគ្រាស និងទំនួលខុសត្រូវសង្គម ដើម្បីធានាឲ្យក្រុម ហ៊ុនសហគ្រាសមកពីបណ្តាប្រទេស និងតំបន់នៅជុំវិញពិភពលោកអាច សម្រេចការ អភិវឌ្ឍឈ្នះរួមគ្នា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងចូលរួមកាន់តែខ្លាំង ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៨ សម្តេចតេជោបានអញ្ជើញ ចូលរួមពិធីបញ្ចុះបឋមសិលារបស់តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕