ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា កម្ពុជាទន្ទឹងរង់ចាំចំពោះការបញ្ចប់ នៃយុទ្ធសាស្រ្ត របស់សហភាពអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីទី២៨ ខែមករា ឆ្នាំ២០២១ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនបានអនុញ្ញាតឱ្យលោកស្រី ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង ផ្តោតលើការពិគ្រោះយោបល់ ទៅលើយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ។
ក្នុងជំនួបនោះ លោកស្រី ឯកអគ្គរដ្ឋទូត បានជម្រាប លោកឧបនាយករដ្ឋមន្ត្រី នូវវិស័យអាទិភាពទាំង៣ នៃយុទ្ធសាស្រ្តអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ដែលរួមមាន៖ ១) កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ២) កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ដោយផ្តោតសំខាន់លើវិស័យជលផល និង៣) អភិបាលកិច្ច និងនីតិរដ្ឋ។
លោកស្រីទូត ក៏បានរំលឹកផងដែរ អំពីសមិទ្ធផលមួយចំនួនក្រោម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ក្នុងចំណោមសមិទ្ធផលទាំងនោះ គឺមានគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅសង្កាត់បាក់ខែង ដែលត្រូវបានទ្រទ្រង់ដោយ ជំនួយឥតសំណង ពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បូករួមនឹងឥណទានពីធនាគារវិនិយោគអឺរ៉ុប ដែលគម្រោងនេះនឹងបង្កើតការងារប្រហែល ១៦,០០០កន្លែង និងមានលទ្ធភាព ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលកំពុងមានតម្រូវការទឹកស្អាតបំផុត។
សេចក្ដីប្រកាសបន្ថែមថា ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរ មតិយោបល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មអាស៊ាន ជាពិសេសទាក់ទងនឹងបញ្ហា គម្លាតអភិវឌ្ឍន៍រវាងរដ្ឋសមាជិក ការគាំទ្រពីសហភាពអឺរ៉ុប ចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងការធ្វើសមាហរណកម្ម ចូលទីផ្សារតំបន់ និងខ្សែច្រវាក់តម្លៃ ស្ថានភាពពលករចំណាកស្រុក ស្ថានភាពទីផ្សារអឺរ៉ុប សម្រាប់អង្ករកម្ពុជា វិស័យទេសចរណ៍ កិច្ចសហការជាមួយវិស័យឯកជន ការបណ្តុះបណ្តាលជំនាញ និងកិច្ចគាំពារសង្គម ការជំរុញការវិនិយោគទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពថា យុទ្ធសាស្រ្តសម្រាប់បញ្ហាខាងលើ តម្រូវឱ្យមានការសម្របសម្រួល ទៅតាមស្ថានការណ៍ នៃការរីករាលដាលនៃជំងឺ-១៩ ។
ទន្ទឹមគ្នានោះដែរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ សហភាពអឺរ៉ុប ចំពោះជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ដែលបានអនុវត្តទាំងក្រោមក្របខណ្ឌទ្វេភាគី និងរួមគ្នាជាមួយបណ្តាប្រទេសអឺរ៉ុប និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជាក្នុង រយៈពេលជាង ២សវត្សន៍កន្លះកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍ចំពោះ ការពិគ្រោះយោបល់បឋមនេះ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសកម្មភាពអភិវឌ្ឍន៍នានារបស់សហភាពអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញផងដែរនូវ ការទន្ទឹងរង់ចាំចំពោះការបញ្ចប់ នៃយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ៕