ភ្នំពេញ ៖ ដើម្បីធានាក្នុងការប្រើប្រាស់ទឹក ឱ្យបានគ្រប់គ្រាន់ និងចំណេញ នូវថវិកាក្នុងការបង់ថ្លៃ ប្រើប្រាស់ផងនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋប្រើប្រាស់ទឹក និងអគ្គិសនី ដោយសន្សំសំចៃ ដើម្បីរួមចំណែក កាត់បន្ថយការចំណាយ ថវិកាជាតិដ៏ច្រើន ។
ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រើទឹក នៅក្នុងរាជធានីភ្នំពេញ មានការខ្វះខាត ដោយសារតែកំណើន នៃការរស់នៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យការផ្គត់ផ្គង់ មិនគ្រប់គ្រាន់តាមតម្រូវការ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ចំពោះបញ្ហាថាមពលអគ្គិសនីវិញ ទំាងប្រជាពលរដ្ឋ និង ស្ថាប័នរដ្ឋ ក៏គម្បីប្រើប្រាស់ ដោយសន្សំសំចៃដែរ ដោយមិនត្រឹមតែធានា សន្តិសុខថាមពលប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការ ចំណាយទៀតផង ។
សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងថា «យើងគប្បីសន្សំសំចៃ ទៅលើបញ្ហាការប្រើប្រាស់ទាំងអគ្គិសនី ក្តីទាំងទឹកក្តី កុំខ្ជះខ្ចាយ មិនថាគ្រួសារទេ ជាពិសេស ស្ថាប័នរដ្ឋ ត្រូវតែប្រយ័ត្នប្រយែង ក្នុងការប្រើប្រាស់អគ្គិសនី ។ ឥឡូវក្រសួងមួយចំនួន ដូចជាក្រសួងបរិស្ថាន ក្រសួង សាធារណការ ហើយប្រហែលជាក្រសួង ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្តនិងនវានុវត្តន៍ ដែលកំពុងសាងសង់ ក៏ប្រហែល ជាប្រើសូឡាដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើង ប៉ុន្តែដើម្បីកាត់បន្ថយការ ប្រើប្រាស់ភ្លើងបានសំខាន់បំផុតគឺ កុំបើកម៉ាស៊ីន ត្រជាក់ឱ្យវាត្រជាក់ពេក ហើយឥឡូវកូវីដវានៅតែកន្លែងត្រជាក់ផងសូមប្រយ័ត្ន ។ ហើយពេលចេញពីធ្វើការបិទ ម៉ាស៊ីនត្រជាក់បិទភ្លើង ឥឡូវបច្ចេកទេសធ្វើបង្គន់គេធ្វើប្រដាប់ចុចទឹក២ អាធំគេចុចអាធំ អាតូច គេចុចអាតូច ខ្ញុំនេះគួរយល់ហើយ បង្គន់ដូចជារបស់ជប៉ុនប្រទេសគេធ្វើអ្នកមានបាន គេសន្សំ គេពូកែសន្សំសំចៃ គេអត់ ខ្ជះខ្ជាយទេ ។ ឥឡូវជប៉ុន ផលិតយើងឃើញថា បញ្ជូនមកលក់រាប់ទាំងលក់នៅស្រុកខ្មែរ កាលណាយើង និយាយឱ្យត្រូវ បត់ជើងតូច គឺចុចអាទឹកខាងតិចវាធ្លាក់ទឹកទៅតិច បត់ជើងធំចុចអាខាងធំ វាធ្លាក់ទឹកទៅច្រើន ប៉ុន្តែអាហ្នឹងការកែច្នៃថ្មី គេធ្វើគិត អំពីការសន្សំសំចៃទាក់ទងនឹងការប្រើប្រាស់ទឹក ហើយបើសន្សំសំចៃទឹក បានហើយវាសន្សំសំចៃបានទៅដល់បញ្ហាភ្លើងទៀត ដែលយើងមិនប្រើប្រាស់អស់ច្រើនពេក »។
សូមបញ្ជាក់ថា ចំពោះតម្លៃទឹកក្នុងការប្រើប្រាស់វិញ សម្រាប់អនុគ្រោះដល់អ្នកក្រ ដែលមិនប្រើលើសពី៧ម៉ែត្រគូបក្នុងមួយខែ តម្លៃ៤០០រៀល,ប្រើពី៨ម៉ែត្រគូបដល់១៥ម៉ែត្រគូបតម្លៃ ៧២០ រៀល, ប្រើពី១៦ម៉ែត្រគូបដល់២៥ម៉ែត្រគូប តម្លៃ៩៦០រៀល, ប្រើពី២៦ម៉ែត្រគូបដល់៥០ម៉ែត្រគូប តម្លៃ១២០០រៀល, ប្រើពី៥១ម៉ែត្រគូបដល់១០០ម៉ែត្រគូប តម្លៃ១៩០០រៀល , លើសពី១០១ម៉ែត្រគូបគឺតម្លៃ២២០០រៀល ។
ដោយឡែក ចំពោះអតិថិជនជាអាជីវកម្មវិញ ប្រើមិនលើស១៥ម៉ែត្រគូប តម្លៃ៩៥០រៀល, ១៦ម៉ែត្រគូបដល់៤៥ម៉ែត្រគូប តម្លៃ១១០០រៀល, ៤៧ម៉ែត្រគូបដល់១០០ម៉ែត្រគូប តម្លៃ១៤០០រៀល, ១០១ម៉ែត្រគូបដល់២០០ម៉ែត្រគូប តម្លៃ១៧០០រៀល, ២០១ម៉ែត្រគូបដល់៥០០ម៉ែត្រគូប តម្លៃ២១០០រៀល និងចាប់ពី៥០១ម៉ែត្រគូបដល់២៤០០ម៉ែត្រគូប តម្លៃ២៤០០រៀល ។ ចំណែកឯអតិថិជនជាក្រសួង ស្ថាប័ន អង្គភាពនានា និងស្ថានទូត មិនកំណត់បរិមាណគឺតម្លៃ ២៥០០រៀល តម្លៃថ្លៃជាងគេ ព្រោះក្រសួងនានាយកលុយរដ្ឋ ហើយបង់ឱ្យរដ្ឋវិញ ដូច្នេះរាងថ្លៃបន្តិច ៕