ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីបញ្ជាក់ថា តំណក់ប្រេងដំបូង របស់កម្ពុជា មិនទាន់ជះឥទ្ធិពល មកលើផ្នែកសេដ្ឋកិច្ចជាតិឡើយ តែជាដំណើរការដ៏ល្អ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងលើកដំបូង របស់កម្ពុជា នាពេលនេះមិនទាន់ជះឥទ្ធិពល មកលើផ្នែកសេដ្ឋកិច្ចជាតិឡើយ ប៉ុន្ដែជាដំណើរការដ៏ល្អ សម្រាប់កម្ពុជា ហើយក្នុងរយៈពេល ៣៣មកថ្ងៃមកនេះ ផលិតប្រេងបានចំនួន៤០៧៨៨បារ៉ែល ។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២០ កម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី ២២ នៃការអនុវត្តដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលបាននាំមកនូសន្ដិភាពពេញបរិបូរ ណ៍ និងឯកភាពជាតិដ៏ពេញលេញ ។

ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការម ន ដែលប្រព្រឹត្តទៅ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរចង់ដឹងណាស់ តើតំណក់ប្រេងលើកដំបូង របស់កម្ពុជាដល់ណាហើយ?

សម្ដេចតេជោ មានប្រសាសន៍ថា «អណ្ដូងប្រេងទីមួយរបស់យើងដំណើរការបាន រយៈពេល៣៣ថ្ងៃ។ អណ្ដូងទីពីររបស់ យើងទើបហ្នឹងដំណើរការ ។អណ្ដូងទីមួយរបស់យើងគឺផលិតបាន ១២៣៦បារ៉ែល ក្នុងមួយថ្ងៃ ក្នុងរយៈពេល៣៣ថ្ងៃផ លិតបាន អណ្ដូងទីមួយនេះ មានចំនួន៤០៧៨៨បារ៉ែល»។

សម្ដេចតេជោ បន្ដថា «សរុបមកយើងទើបនឹងមានប្រេងបានតែ ៤១០៥៦បារ៉ែលទេ។នៅសល់អណ្ដូងទីបី ទីបួន និងទី ប្រាំ នឹងបន្ដដំណើរការបូមជាបន្ដបន្ទាប់ នៅក្នុងឆ្នាំ២០២១នេះ។ តាមការប៉ានប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃ ក្នុងបរិមាណ ៧០០០ ទៅ៧៥០០ បារ៉ែលតែប៉ុណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពល ទៅលើផ្នែកសេដ្ឋកិច្ចទេ ។ ប៉ុន្ដែយ៉ាងណាក៏ដោយវាជាចាប់ផ្ដើមដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា» ។

សម្ដេចតេជោបញ្ជាក់ថា ប្រទេសដែលផលិតប្រេងច្រើន មិនមែនពឹងផ្អែកទៅប្រេងតែមួយមុខឡើយ។ សម្ដេចថា អាមេរិក ផលិតប្រេងច្រើនជាងគេតែអាមេរិក ធ្វើឧស្សាហកម្ម កសិកម្ម សេវាកម្ម ជាដើម។

សម្ដេចថា នៅកម្ពុជាវិញ វាជាដំណើរការដ៏ល្អសម្រាប់កម្ពុជា ដែលមានតំណក់ប្រេងបែបនេះ។

សម្ដេចថា ប្រជាពលរដ្ឋខ្មែរមួយចំនួនគិតថា «ស្រួលហើយមានប្រេងប្រើខ្លួនឯង» សម្ដេច ឆ្លើយវិញថា ប្រទេសផលិតប្រេង ក៏លក់ប្រេងឲ្យប្រជាពលរដ្ឋខ្លួនឯងដែរ ហើយក៏ប្រឆាំងនឹងតម្លៃប្រេងផងដែរ។

សម្ដេចតេជោ បន្ថែមថា «ប៉ុន្មានថ្ងៃនេះមានការសរសេរអត្ថបទថា ប្រេងនៅកម្ពុជាអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ទេ មិនទាន់ទេ ព្រោះតាមការព្យាករណ៍ តាមការវាយតម្លៃរបស់ឯឧត្តម ស៊ុយ សែម បើថា ស្ថិតនៅក្នុងរង្វង់ប្រេង ១១បា រ៉ែល ៥៥ដុល្លារអាមេរិក ចំណូលរបស់យើងក្នុងមួយឆ្នាំប្រមាណមិនដល់៣០លានដុល្លារទេ។ ចឹងវាមិនបានស្មើជាមួយ នឹងចំណូលមិនមែនសារពើពន្ធ ចំពោះទិដ្ឋាការនៃភ្ញៀវទេសចរាណ៍១លាននាក់ផង។ ដូច្នេះមិនទាន់ពឹងផ្អែកទៅលើ បញ្ហាប្រេងបានទេ»។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្ដធ្វើការងារជាមួយ ក្រុមអ្នកវិនិយោគដទៃទៀត ដើម្បីធ្វើការវិនិយោគប្រេងនៅកម្ពុជា។
សម្ដេចថា នាពេលកន្លងមកមានក្រុមហ៊ុនមកវិនិយោគកែច្នៃប្រេងនៅកម្ពុជា ប៉ុន្ដែក្រោយមកទៀត មិនទទួលបានជោគជ័យឡើយ ដោយសារប្រេងឆៅរបស់កម្ពុជា មិនគ្រប់គ្រាន់សម្រាប់ផលិត ប្រេង។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណូលរបស់កម្ពុជាទទួលបានកាលពីខែមករា ឆ្នាំ២០២១ ពីអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាង៤០០លានដុល្លារ។

សម្ដេចថា ចំណូលកម្ពុជាធ្លាក់ចុះប៉ុន្ដែស្ថិតនៅក្នុងរង្វង់ លើ៤០០លានដុល្លារ ដូច្នេះ កម្ពុជាបន្ដដំណើរការសេដ្ឋកិច្ចជាធម្មតា។

សម្ដេច រំលឹកថា តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ធ្លាក់ចុះ១,៩% ក៏ប៉ុន្ដែតាមការវាយតម្លៃ ចុងក្រោយ កម្ពុជាធ្លាក់ដល់ ៣,១% ហើយការធ្លាក់ចុះមិនមែនមានតែកម្ពុជាឡើយ មានដូចជា វៀតណាម ចិន ជាដើម។

សម្ដេចតេជោ រៀបរាប់ថា កម្ពុជាប៉ាន់ស្មានលើកដំបូង អវិជ្ជមានរហូតដល់៦% ប៉ុន្ដែកម្ពុជាបានខិតខំមកនៅត្រឹម-៣,១ % ហើយរំពឹងថា ២០២១ នឹងមានកំណើន៤% ត្រឡប់មកវិញ ប៉ុន្ដែកម្ពុជាត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការសម្រេចគោលបំណងនេះ ។ ដើម្បីសម្រេចគោលបំណងនេះដែរ ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩នៅកម្ពុជាឲ្យបានល្អ៕

To Top