ស្វាយរៀង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី នៅរសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ និងអប់រំជូនដល់ អាជីវករ នៅតាមស្តង់ពិព័រណ៍ និង ប្រជាពលរដ្ឋដើរទស្សនា និងទិញទំនិញ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់ កាន់តែច្បាស់ ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ និង ចែកម៉ាស់ ជូនពួកគាត់ផងដែរ ។
ការចុះផ្សព្វផ្សាយ អំពីវិធានការការពារ នូវជំងឺកូវីដ១៩នេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងមានការចូលរួម ពីលោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២២នាក់។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាន ជម្រាប ជូន មន្ទីរ សុខាភិបាល មន្ទីរ ទេសចរណ៍និង អភិបាលក្រុងស្វាយរៀង អោយណែនាំដល់អាជីវករ និងប្រជាពលរដ្ឋ អនុវត្តមឹងម៉ាត់ នូវវិធានការ ក្នុងការបង្ការ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល ។ អាស្រ័យហេតុនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចំណាយពេលវេលា ចុះអប់រំ ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋពីវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ដោយមានកិច្ច សហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំង សហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ស្វាយរៀង និងក្រុងស្វាយរៀង សរុបចំនួន៤០នាក់ ។
លោកបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គម្លាតសង្គម គម្លាតបុគ្គល និង រស់នៅស្អាត ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូល ក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា បាន បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះជំងឺកូវីដ១៩ កំពុងតែរីករាលដាល ក្នុងសហគមន៍ ដែលសម្តេច តេជោ ហៅ ថា ព្រឹត្តិការណ៍ ២៨វិច្ឆិកា គឺ ដោយសារការមិនគោរព តាម វិធានការ សុខាភិបាល ការ អនុវត្តន៍ ចត្តាឡីស័ករបស់ ប្រជាពលរដ្ឋមិន ត្រឹម ត្រូវ ធ្វើ អោយ មាន ការ ចម្លង ពី មនុស្ស ម្នាក់ ទៅ មនុស្ស ម្នាក់ ទៀត យ៉ាង ឆាប់រហ័ស ។ ដើម្បីជៀស ឆ្ងាយពី ជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋ ត្រូវលាងដៃ ជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ ម៉ាស់ រស់ នៅគម្លាតសង្គម បើមិនចាំបាច់រស់នៅ ក្នុងផ្ទះ ។
ក្រៅពីនេះក្រុមការងារ ក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាត ដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណា ឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹង ច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណង ធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋ ទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់ វិស័យសុខាភិបាល មួយកម្រិតផងដែរ ៕