ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៧ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែក ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោក នៅកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១បញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង របស់អូស្ត្រាលីនេះ អាចនឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា ប្រមាណ ១,៥ លាន នាក់។ ការរួមចំណែកនេះ នឹងជួយជំរុញ ឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័ស នូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជាឱ្យបាន ៨០% នៃចំនួនប្រជាជនសរុប។
ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើន សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបែងចែក និងគ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និងដើម្បីធានាថា ប្រជាជនកម្ពុជា អាចទទួលបានព័ត៌មានច្បាស់លាស់ អំពីដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការនេះ ។
លោក ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា « ក្នុងនាម ជាអ្នកជិតខាង និងជាមិត្តដ៏យូរអង្វែង របស់កម្ពុជាអូស្ត្រាលី មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រកម្ពុជា ក្នុងគ្រាលំបាកនេះ។ អូស្ត្រាលីទទួលស្គាល់ថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នា មិនទាន់មាន សុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រាលី នឹងការជួយដល់កម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនប្រជាជន កម្ពុជាបានយ៉ាងហោច ណាស់ចំនួន ១.៥ លាននាក់ និងការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោក នៅកម្ពុជា» ។
លោកបន្តថា ត្បិតកម្ពុជាបានចៀសផុត នូវផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក៏ដោយការផ្តល់វ៉ាក់សាំង បង្ការកូវីដ-១៩ ជូនប្រជាជានកម្ពុជាឱ្យបានទូទាំងប្រទេស នៅតែជាកត្តាដ៏សំខាន់ ក្នុងការទប់ស្កាត់ និងបង្ការការរាលដាលនៃជំងឺកូវីដ-១៩ នាពេលអនាគត និងការស្តារឡើងវិញ នូវសេដ្ឋកិច្ចរបស់កម្ពុជា។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ការផ្តល់មូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍ ជាប្រចាំរបស់យើង នឹងផ្តោតលើការគាំទ្រដល់ការឆ្លើយតប ផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងជំងឺរាតត្បាត ហើយការផ្តល់ជំនួយជាវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែង ស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។
ដោយឡែក លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «យើងខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះហិរញ្ញប្បទានឥតសំណង របស់អូស្ត្រាលី ដែលឆ្លើយតបនឹងតម្រូវការ ដ៏ចាំបាច់របស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ។ យើងខ្ញុំសូមសារទររដ្ឋាភិបាល និង ប្រជាជនអូស្ត្រាលីចំពោះស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនេះរួមគ្នា ដែលនាំឱ្យយើងអាចស្តារសេដ្ឋកិច្ច និងវិបុលភាពរបស់យើងទាំងអស់គ្នាឡើងវិញ»។
លោកបន្តថា ការផ្តល់ជំនួយ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ គឺជាជំនួយដែលបន្ថែមលើជំនួយអភិវឌ្ឍន៍ចំនួន ៦៦ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់ជូនកម្ពុជាក្នុងឆ្នាំ ២០២១ ស្ថិតក្រោម ផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ កម្ពុជា-អូស្ត្រាលី ដែលបានប្រកាសដាក់ឱ្យអនុវត្តការជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ។
លោកបញ្ជាក់ថា ការផ្តល់ជំនួយជាវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ គឺជាការបង្ហាញជាថ្មី អំពីការប្តេជ្ញាចិត្តដ៏យូរអង្វែង និងការគាំទ្រប្រកបដោយនិរន្តរភាព របស់រដ្ឋាភិបាលអូស្ត្រាលី ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងអនាគតដ៏រុងរឿងរបស់កម្ពុជា។ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ ជាការបំពេញបន្ថែមលើជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកម្ពុជានឹងទទួលបានពី COVAX ដែលគ្រោងសម្រាប់ ២០% នៃប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ។ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរួមចំណែកផ្តល់មូលនិធិដល់ COVAX ដែរ ៕