ព័ត៌មានជាតិ

ការនាំចេញអង្ករ របស់កម្ពុជា ទៅក្រៅប្រទេស ក្នុងខែមករាធ្លាក់ចុះជាង ៣២%

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសបានជាង ៣ម៉ឺនតោន ថយចុះជាង ៣២% បើប្រៀបធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

តាមរយៈលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ស្ដីពីរបាយការណ៍ស្ថានភាព នៃការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២១ ដែលចេញផ្សាយកាលពីថ្ងៃទី៣១ មករា លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ ២៨ប្រទេស សម្រេចបាន ៣៤ ២៧៣ តោន ថយចុះ ១៦១៧៧តោន (ស្មើនឹង ៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបន្ថែមថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣ ៧២៣តោន, ប្រទេសហ្គាបុង ឈរនៅលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន។ ចំពោះបរិមាណអង្ករ ដែលបាននាំចេញក្នុងខែមករា សរុបជាង ៣៤ ២៧៣ តោន ក្នុងនោះមានជាង ៨៧.៦៣% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ។

សូមរំលឹកថា កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជានាំចេញអង្ករបានជិត ៧០ម៉ឺនតោន ទៅកាន់ទីផ្សារ ៦០ប្រទេស នៅលើពិភពលោក ៕

To Top