ព័ត៌មានជាតិ

សមាគម សិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សាខាខេត្តសៀមរាប រៀបចំកម្មវិធីលំហាត់ប្រាណ និងអបអរពិធីបំពាក់មេដាយ និងជូនវិញ្ញាបនបត្រជ័យលាភី ដល់អ្នកចូលរួមកម្មវិធី Virtual Hall of Fame Marathon 2020 នៅទីតាំងវិមាន ឈ្នះ ឈ្នះ

ភ្នំពេញ៖ ក្លឹប រត់ហាត់ប្រាណសមាគម សិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំកម្មវិធីលំហាត់ប្រាណ និងអបអរពិធីបំពាក់មេដាយ និងជូនវិញ្ញាបនបត្រជ័យលាភី ដល់អ្នកចូលរួមកម្មវិធី Virtual Hall of Fame Marathon 2020 ដែលជាកម្មវិធីបង្កើតឡើង ដោយទឹកចិត្តសប្បុរសរបស់បងប្អូន ក្នុងសហគមន៍អ្នករត់ហាត់ប្រាណ សម្រាប់ចូលរួមថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងចូលទស្សនាសារមន្ទីរ ក្នុងវិមាន ឈ្នះ ឈ្នះ ផងដែរ។

លោក មាស ឆាយ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្តសៀមរាប បានបញ្ជាក់ថា
កម្មវិធីនេះ កកើតឡើងដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ លោក ហ៊ុន ម៉ាណែត ប្រធាន សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នូវមេដាយ និងវិញ្ញាបនប័ត្រជ័យលាភី និងមានការចូលរួម ដោយទឹកចិត្តសប្បុរសរបស់បងប្អូន ក្នុងសហគមន៍អ្នករត់ហាត់ប្រាណ ដោយអ្នកខ្លះឧបត្ថម្ភ សំរាប់ការទិញវ៉ាក់សាំង COVID-19 និងអ្នកខ្លះទៀតឧបត្ថម្ភ ដល់មន្ទីពេទ្យគន្ធបុប្ផា ព្រមទាំងជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើលំហាត់ប្រាណ ដើម្បីសុខភាពផងដែរ។

សូមបញ្ជាក់ថា កម្មវិធី Virtual Hall of Fame Marathon 2020 គឺជាការប្រកួតរត់និម្មិត (Virtual Run) រយៈចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ ដែលជាចម្ងាយទទួលស្គាល់ ដោយ Marathon Olympich ដែលកម្មវិធីនេះ រៀបចំដោយ ក្លិបរត់ហាត់ប្រាណសមាគម សិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្លិបរត់ហាត់ប្រាណ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តសៀមរាប។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ឈ្នះ-ឈ្នះ ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពីសិស្សនិស្សិត សរុប ១០០នាក់ ក្នុងនោះអ្នកទទួលមេដាយ និង វិញ្ញាបនបត្រ ៦១នាក់ អ្នកចូលរួមអបអរ ៣៩នាក់ ដោយរៀបចំចំណាត់ថ្នាក់ ជាក្រុមអាយុ សរុបមាន ៤ក្រុមគឺ ក្រុមអាយុ (២០-២៩) (៣០-៣៩) (៤០-៤៩) (៥០-៥៩) និងទទួលយកលទ្ធផល តាមបច្ចេកវិទ្យា Strava App ដែលជាបច្ចេកវិទ្យា ប្រើដោយបណ្ដាប្រទេស ដែលរៀបចំការប្រកួតរត់ Marathon ល្បីៗ លើពិភពលោក។

ការរៀបចំកម្មវិធីនេះ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ទាក់ទងនឹងការថែរក្សាសុខភាព ក្នុងកាលៈទេសៈ ជំងឺឆ្លងសាកលនេះ៕

To Top