ព័ត៌មានជាតិ

អភិបាលរង ខណ្ឌ៧មករា ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធអំពើ ផិតក្បត់

ភ្នំពេញ ៖ លោក ហៀក ចាន់លាង ដែលគេស្គាល់ថាជា អភិបាលរងខណ្ឌ៧មករា នៅរាជធានីភ្នំពេញ ត្រូវបាន ស្ត្រីជាប្រពន្ធប្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន រួមនិងស្រីស្នេហ៍ពាក់ព័ន្ធនឹងអំពើ «ផិតក្បត់» កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណះរូបលោកកំពុងនៅជាមួយស្រីស្នេហ៍ ក្នុងខុនដូរមួយកន្លែង ក្នុងខេត្តសៀមរាប ។

បច្ចុប្បន្ន លោកត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជួនមកសាលាដំបូង ខេត្តសៀមរាប ។ ចំណែកស្រីស្នេហ៍ត្រូវបានអនុញ្ញាត ត្រឡប់ទៅលំនៅដ្ឋានវិញ។
នេះបើយោងតាមផេកផ្លូវការរបស់ GRK SiemReap Page ។

ការឈានទៅដល់ការបង្រា្កបនេះ ដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)។

បើតាមផេកដដែល បន្ទាប់ពីបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស ចំនួន៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ផេករៀបរាប់ទៀតថា ខណៈនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្តី្រទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។

ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជា ពីមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួន ឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿង បញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

To Top