ភ្នំពេញ ៖លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង យុត្តិធម៌បានលើកឡើងថា កម្ពុជាមានកិច្ចសហការល្អ ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ(UN) ប្រចាំកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ៣១ មករា លោក ជិន ម៉ាលីន បានថ្លែងថា “សូមអរគុណ សម្រាប់កិច្ចសហការល្អនាពេលកន្លងមក ដែលយើងមិនធ្លាប់ឃើញមានឡើយ ចំពោះអ្នករាយការណ៍ពិសេសមុនៗ”។
លោករៀបរាប់ទៀតថា លោកធ្លាប់ជាមិត្តនឹងគ្នា ក្នុងអាជីពជាអ្នកអប់រំ និងស្រាវជ្រាវផ្នែកសិទ្ធិមនុស្សមុន ពេលទទួលអាណត្តិ ជាអ្នករាយការណ៍ពិសេស ហើយក៏នៅតែជាមិត្តនឹងគ្នា ក្នុងពេលបំពេញការងារ និងបេសកកម្ម ក្នុងអណត្តិរយៈពេល៥ឆ្នាំនេះ ។
លោកស្រីបានប្រកាសលើផេក Speceail Reporteur Cambodia ថា ខ្លួននឹងផុត អាណត្តិ ជាអ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា។
ក្នុងនោះលោកស្រី ក៏បានបង្ហាញឈ្មោះបេក្ខជន ៣រូប ដែលជាប់shortlist ហើយនៅចុងខែមីនាខាងមុខនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នឹងប្រកាសឈ្មោះ អ្នកដែលត្រូវបានតែងតាំងជំនួសលោកស្រី ហើយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បុគ្គលនោះ នឹងត្រូវចូលកាន់តំណែង ជាអ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ជាសាស្ត្រាចារ្យ ជនជាតិអង់គ្លេស ផ្នែកច្បាប់អន្តរជាតិ។ លោកស្រី ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើល ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៥៕