ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើលិខិតអបអរសាទរ លោក ង្វៀន ភូត្រុង ដែលបន្តជាប់ឆ្នោតជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងការអបអរសាទរដល់ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ប្រធានរដ្ឋវៀតណាម ដែលបន្តជាប់ឆ្នោត ជាអគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

តាមរយៈសារលិខិតអបអរសាទរផ្ញើជូន លោក ង្វៀន ភូត្រុង សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា«តាងនាមឱ្យគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដី សោមនស្សរីករាយយ៉ាងខ្លាំង សូមផ្ញើជូននូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មី ជាអគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមអាណត្តិទី ១៣ នៅមហាសន្និបាតបក្ស កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១។ ការជ្រើសតាំងឯកឧត្តមសាជាថ្មីនេះ បានឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងការជឿជាក់របស់បក្សកុម្មុយនីស្ដ និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសមត្ថភាពរបស់លោក ដើម្បីបន្តអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ និងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង របស់ប្រទេសវៀតណាម»។

សម្តេចមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក ង្វៀន ភូត្រុង បក្សកុម្មុយនីស្ដវៀតណាម នឹងបន្តអនុវត្ត នូវគោលនយោបាយ និងសេចក្ដីសម្រេចសំខាន់ៗ ដែលត្រូវបានអនុម័ត នៅក្នុងមហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យធំធេងថែមទៀត។

នៅក្នុងអាណត្តិថ្មីរបស់ លោក ង្វៀន ភូត្រុង សម្តេចមានជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និង ទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ដវៀតណាម នឹងត្រូវបានបន្តពង្រឹង និង ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជន និងប្រជាជាតិយើងទាំងពីរ៕

To Top