ភ្នំពេញ ៖ សហរដ្ឋបានអាមេរិក សន្យាថា នឹងធ្វើរបាយការណ៍ច្បាស់លាស់ បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនៅកម្ពុជា ។ នេះបើយោងតាមការ ចេញផ្សាយអគ្គស្នងការដ្ឋាន នគរបាលជាតិ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ តំណាងភាគីអាមេរិក ក្នុងគោលបំណងបន្តពង្រឹង កិច្ចសហការរវាង មន្រ្តីអនុវត្តច្បាប់ នៃភាគីអាមេរិក ជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
នាឱកាសនោះ កម្ពុជា-អាមេរិក បានឯកភាពគ្នាធ្វើការ វាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ ឆ្លុះបញ្ចាំងអំពីចំណង ទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក ។
បន្ថែមពីនេះទៀត ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ចំពោះអនុសាសន៍អាមេរិក ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សនៅកម្ពុជា ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់ អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគី អាមេរិកយល់កាន់តែច្បាស់ អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង អំពីជួញដូរមនុស្ស ជាពិសេស ស្ត្រី និងកុមារ។
ជាការឆ្លើយតប តំណាងភាគីអាមេរិក បានសន្យាថា «នឹងធ្វើរបាយការណ៍ច្បាស់លាស់ បញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន អំពីស្ថានភាពពិត នៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនៅកម្ពុជា»។
ឆ្លៀតឱកាសនោះដែរ កម្ពុជា-អាមេរិក បានបង្ហាញអំពីទស្សនៈឯកភាពគ្នា ដើម្បីបន្តកិច្ចសហការ ឲ្យកាន់តែល្អ ប្រសើរថែមទៀត រួមមាន ៖ ជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់លាស់ រួមទាំង ការផ្តល់ទិន្នន័យបទល្មើស និងលទ្ធផលបង្រ្កាបអំពើជួញដូរមនុស្ស ,សហការជួយគាំទ្រការលើកកម្ពស់ធនធានមនុស្ស ដោយភាគីអាមេរិក បានរៀបចំកញ្ចប់ថវិកា សម្រាប់កម្មវិធីបណ្តុះបណ្តាលលើមុខជំនាញស៊ើបអង្កេត និងការប្រឆាំងអំពើជួញដូរ មនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
សូមបញ្ជាក់ថា សមាសភាពតំណាងភាគីអាមេរិក ចូលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន រួមមាន ៖ លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា ,លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូត អាមេរិកនៅកម្ពុជា និងលោក Weldon Montgomery មន្ត្រីផ្នែកនយោបាយ ទទួលបន្ទុករៀបចំរបាយការណ៍ ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា៕
![](https://dap-news.com/wp-content/uploads/2021/02/4055-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/02/4056-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/02/4057-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/02/4058-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/02/4059-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)