
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដំណាំស្វាយកែវរមៀត គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ក្នុងចំណោមដំណាំជាច្រើនផ្សេងទៀត ដែលមានសក្តានុពលសម្រាប់ធ្វើ ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ចិន-កូរ៉េ ជាលក្ខណៈស្រស់និងក្រៀម។
បើតាមរបាយ ការណ៍អគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតា និងផ្ទៃដីប្រមូលផលចំនួន ៩១ ៣៩៨ហិកតា ដោយទទួល ទិន្នផលជាមធ្យម ចំនួន១៦តោន ក្នុង១ហិកតា ដែលមានបរិមាណផលសរុប ចំនួន១ ៤៤៨ ៦៧៧តោន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារក្រៅប្រទេស មានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះ ចំនួន១០៧ ៦៨០តោន បាននាំចេញ ដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០ ០០០តោន បាននាំចេញ ដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។
ដោយឡែក ក្នុងឆ្នាំ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់ មានវិញ្ញាបនបត្រភូតគាមអនាម័យ បានចំនួន ប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន (ប្រភពពីអ្នកប្រមូលទិញ-លក់បន្តឲ្យឈ្មួញនាំចេញ)៕




