ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ហាមមិនឲ្យដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាស ហាមមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ និងលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានី ភ្នំពេញ នៅថ្ងៃទី៣ កុម្ភៈនេះ បានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅមន្ទីរ អង្គភាពខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន ក្នុងរាជធានីចំនួន ៧ចំណុចដូចខាងក្រោម៖

១.ហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង, រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់ ។

២.នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យ កើតឡើងជាយថាហេតុ។

ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិន ឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

៣.ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលថាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។

៤.គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យអនុវត្តតាមការណែនាំនេះ ឲ្យមានប្រសិទ្ធភាព ។

៥.មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។

៦.ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវចេញបទបញ្ជា ឲ្យបានម៉ឺងម៉ាត់ដល់ កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ។

៧.ជនណាបំពាន លើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចល ក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន ៕

To Top