ព័ត៌មានជាតិ

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញចុះហត្ថលេខា​លើអនុស្សាសារណៈ នៃការយោគយល់ រវាងបញ្ជាការដ្ឋាន កងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វៀតណាម

ភ្នំពេញ៖​ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់​ ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម។

អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ
កម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ឧត្តមសេនីយ៍ឯក មេបញ្ជាការ កងទ័ពជើងគោក ក៏បានយកឱកាសនេះ​ ជូនពរដល់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខនេះ៕

To Top