ភ្នំពេញ ៖ តាមរយៈលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំកម្ពុជា រដ្ឋាភិបាលអាល្លឺម៉ង់នឹង បន្តជួយគាំទ្រកម្ពុជាលើការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេស ពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀត ផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក Christian Berger មានប្រសាសន៍ ថា «ភាគីអាល្លឺម៉ង់ មិនត្រឹមតែបន្តជួយគាំទ្រកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទេ ប៉ុន្តែនឹងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរ»។
លោកក៏មានគោលបំណងស្វែង យល់ពីវឌ្ឍនភាពការងារកំណែទម្រង់នេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ និងចង់ជម្រាបជូនសម្ដេច អំពីគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រដល់ការងារនគរបាល និងសហគមន៍។
ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូត ថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំ ហេីយដំណាក់កាលទី១ និងកំពុងបន្តរៀបចំផែនការដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត ដើម្បីបន្តការងារកំណែទម្រង់នេះ។ សម្ដេច បានថ្លែងអំណរគុណភាពអាល្លឺម៉ង់ ដែលបានគាំទ្រលើផ្នែកបច្ចេកទេសក្នុងការរៀបចំផែនការជាតិរយៈពេល១០ឆ្នាំ បន្តទៀតនេះ ។
ដោយឡែកចំពោះសមិទ្ធផលធំៗក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺមាន២ធំៗ ទី១ រាជរដ្ឋាភិបាលមានការស្រុះស្រួលផ្ទៃក្នុង រវាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក៏មានការយល់ដឹងកាន់តែច្រើនរបស់សាធារណៈជនដែលនេះជាទុនមួយដ៏មានសារៈសំខាន់ក្នុងការគាំទ្រដល់កំណែទម្រង់នេះឱ្យមានវឌ្ឍនភាពទៅមុខ ។
សមិទ្ធផលធំទី២ គឺតាមរយៈផែនការ១០ឆ្នាំ ដែលបានអនុវត្តដំណាក់កាលទី១នោះ គឺបានរៀបចំនូវលិខិតបទដ្ឋាន ក៏ដូចជាយន្តការផ្សេងៗសម្រាប់ដំណើរការកំណែទម្រង់នេះ ដោយក្នុងនោះមានជាអាទិ៍ ការរៀបចំច្បាប់ ដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលនេះគឺជាផ្នែកមួយនៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះដែរ ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង លេីកឡេីងថា ចាប់ពីឆ្នាំ២០២១តទៅ អ្វីដែលផ្ដោតសំខាន់នោះគឺការបន្តផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយដែលកត្តាធនធានមនុស្សគឺជាកត្តាស្នូលដើម្បីធានាថាការផ្ទេរសិទ្ធិអំណាច និងធនធាននេះ គឺថ្នាក់ក្រោមជាតិពិតមានលទ្ធភាព និងសមត្ថភាពអនុវត្តរាល់ការងារដែលបានផ្ទេរជូន៕