ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើមជ្ឈមណ្ឌលបណ្ដុះបណ្ដាល បើករយានយន្តទាំងអស់ មិនត្រូវចេញបណ្ណបើកបរ ឬលក់បណ្ណ បើកបរ ដោយគ្មានការរៀនសូត្រឡើយ ដូច្នេះមករៀនយកបណ្ណ បើកបរឲ្យបានត្រឹមត្រូវ។
ក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល បើកបរយានយន្តធុនធ្ងន់ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខណ្ឌព្រែកព្នៅ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការប្រឡងយកបណ្ណបើកបរ ធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវផ្ដល់បណ្ណបើកបរ តែអ្នកណារៀន ទ្រឹស្ដីចប់ ប្រឡងជាប់ទ្រឹស្ដី ប្រឡងដៃចង្កូតចប់ត្រឹមត្រូវ ។ គឺយើងមិនអាចចេញបណ្ណ បើកបរគ្មានការរៀន សូត្រត្រឹមត្រូវទេ» ។
លោកបន្ដថា អគ្គនាយកដ្ឋានដឹកជញ្ញូនផ្លូវគោក ត្រូវពិនិត្យឡើងវិញ ឲ្យបានត្រឹមត្រូវបំផុត ហើយមិនអាចចេញបណ្ណ បើកបរ ទៅដល់អ្នកបើកបរគ្មានបទពិសោធន៍ និងមិនបានរៀនបើកបរ។ លោកថា ប្រសិនបើផ្ដល់បណ្ណបើកបរ ដោយមិនបានរៀនត្រឹមត្រូវ ដូចទៅ សម្លាប់មនុស្ស និងខ្លួនឯង ដោយហេតុថា «មិនបានរៀនសូត្រ ក្នុងការបើកបរ»។ លោក អំពាវនាវ ដល់អ្នកបើកបរ ដែលមានបណ្ណបើកបរមិនត្រូវត្រឹម ឬគ្មានបណ្ណបើកបរ ត្រូវបញ្ឈប់បើកបរជាបន្ទាន់។
ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល ក៏បានស្នើប្រជាពលរដ្ឋទាំងអស់ ឲ្យទៅរកសេវាសាធារណៈ ក្រោមសមត្ថកិច្ច របស់ក្រសួងសាធារណការ ដោយផ្ទាល់ កុំពឹងអ្នកដទៃ ឬហៅថា អ្នកគួកជេ ដែលនាំឲ្យខាតបង់ថវិកា ។
លោករៀបរាប់ ថា កន្លែងផ្តល់សេវាសាធារណៈ រួមមាន ៖ សេវាចុះបញ្ជីយានយន្ត ,ត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ, ធ្វើបណ្ណបើកបរ ,ការស្នើសុំអាជ្ញាបណ្ណ ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងការសុំអាជ្ញាបណ្ណធ្វើអាជីវកម្ម ដឹកជញ្ជូន ក្នុងប្រទេសតាមផ្លូវគោក ជាដើម។
ក្រោយពីប្រជាពលរដ្ឋមួយចំនួន បានធ្វើការសំណូមពរ មកក្រសួងសាធារណការថា កន្លែងផ្លូវស្អាត និងធំទូលាយ បើក លឿនចាប់ពី ៩០ទៅ១០០គីឡូម៉ែត្រ ក្នុង១ម៉ោងនោះ រដ្ឋមន្ដ្រីក្រសួងសាធារណការ បានឆ្លើយតវិញថា ក្រសួងកំពុង ធ្វើវិសោធនកម្មច្បាប់ ហើយនឹងពិភាក្សាជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅលើបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ។
លោករដ្ឋមន្ដ្រី ក៏បានពន្យល់ថា ស្ដងដារផ្លូវនៅកម្ពុជា លឿន៨០គីឡូម៉ែត្រ ក្នុង១ម៉ោង ។ លោកថា អ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចណ៍ភាគច្រើន គឺមកពីបើកបរលើសល្បឿន កំណត់ដោយច្បាប់។
យោងតាមស្ថិតិរថយន្ត ដឹកអ្នកដំណើរធុនតូច-ធុនធំ រថយន្តសណ្តោងធុនស្រាល និង រថយន្តសណ្តោង ធុនធ្ងន់ដែលបានចុះបញ្ជី តាំងពីឆ្នាំ១៩៩០-២០២០ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានចំនួនសរុប ៣២៥៥០៨ គ្រឿង ចំនួនអ្នកមានបណ្ណបើកបររថយន្ត ប្រភេទ D1, D2, BE, CE មានចំនួន ២១៨៦៤០បណ្ណ ស្មើនឹង ៦៧% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី ។
រថយន្តដឹកទំនិញធុនធ្ងន់ ក្បាលសណ្តោង គ្រឿងចក្រ និងប្រភេទរថយន្តធុនធ្ងន់មួយចំនួន ដែលតម្រូវឲ្យមានបណ្ណបើកបរប្រភេទ C ដែលបានចុះបញ្ជីមានចំនួន ១០៥៩០៣ គ្រឿង ចំនួនអ្នកមានបណ្ណបើកបររថយន្ត ប្រភេទ C មានចំនួន ៨៤៩០០បណ្ណ ស្មើនឹង ៨០% នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី ៕