ព័ត៌មានជាតិ

មេដឹកនាំកម្ពុជា-វៀតណាម រំលឹ កពីការដឹងគុណគ្នា ទៅវិញទៅមក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្ត និងជាប្រធានរដ្ឋវៀតណាម បានរំលឹកឡើងវិញ ពីការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអំឡុងពេល នៃការរំដោះជាតិ និងដំណើរការកសាងជាតិ។

ការរំលឹកនេះ ក្នុងឱកាសជួបសន្ទនាគ្នា តាមទូរស័ព្ទរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្ដីពីខ្លឹមសារកិច្ចសន្ទនា សម្ដេចបានមានប្រសាសន៍ថា ក្រោមទស្សនវិស័យដ៏ត្រឹមត្រូវ របស់បក្ស កុម្មុយនិស្ត វៀតណាម សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ និងការរក្សា បាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនិង បានកោតសរសើរវៀតណាម ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ប្រកបដោយជោគជ័យ។

សម្តេចបានសម្តែង នូវការជឿជាក់យ៉ាងមុតមាំថា ស្ថិតនៅក្រោមភាពជារដ្ឋបុរស និងការដឹកនាំដ៏ឈ្លាសវៃរបស់លោក ង្វៀន ហ្វ៊ូចុងបក្សកុម្មុយនិស្តវៀតណាមនឹង អនុវត្តនូវរាល់គោលមាគ៌ា នយោបាយ និងសេចក្តីសម្រេច ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ដោយជោគជ័យដើម្បីប្រែក្លាយវៀតណាម ទៅជាប្រជាជាតិដ៏ខ្លាំងមួយ ប្រកបដោយសមធម៌ ប្រជាធិបតេយ្យ និងអារ្យធម៌។

លោក ង្វៀន ហ្វ៊ូចុង បានថ្លែងនូវអំណរគុណជូន ចំពោះគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅ ដល់សមភាគីវៀតណាម ដែលនេះជាការឆ្លុះបញ្ចាំង នូវចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី ភាពជាអ្នកជិតខាងល្អ
ព្រមទាំងកិច្ចសហប្រតិបត្តិការ ប្រកបដោយចីរភាព និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម។

អគ្គលេខាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម ក៏បានកោតសរសើរកម្ពុជា ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្រេចបាន នៅក្រោមរជ្ជកាល របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនៅក្រោមការដឹកនាំ ប្រកបដោយទស្សនវិស័យ និងភាពរឹងមាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។

ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង និងបានកត់សម្គាល់ ដោយការពេញចិត្តយ៉ាងខ្លាំង ចំពោះការរីកចម្រើនកាន់តែរឹងមាំនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងគណបក្សកំពុងដឹកនាំ ក៏ដូចជារវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកកាន់តែច្រើនថែមទៀត ជូនប្រជាជនកម្ពុជា និងវៀតណាម។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកឡើងវិញដោយការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអំឡុងពេលនៃការរំដោះជាតិ និងដំណើរការកសាងជាតិ” ។

ជាមួយគ្នានេះសម្តេចតេជោ ក៏បានអញ្ជើញលោក ង្វៀន ហ្វ៊ូចុង មកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា ។ ទន្ទឹមនេះលោក ង្វៀន ហ្វ៊ូចុង ក៏បានអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម នៅពេលវេលាសមស្របផងដែរ ៕

To Top