ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងភ្នំពេញ ប្រកាសថា មិនទាន់អាចបន្តសវនាការលោក កឹម សុខា តាមសំណើរសហមេធាវី បាននៅឡើយទេ ដោយសារបញ្ហាជំងឺកូវីដ១៩។
ថ្មីៗនេះសហមេធាវីលោក កឹម សុខា ដាក់សំណើរទៅតុលាការ ដើម្បីសុំបន្តសវនាការ ក្រោយខកខានជាច្រើនខែ ។ ការដាក់លិខិតរបស់មេធាវី ដោយលើកហេតុផលថា បញ្ហាកូវីដហាក់ស្ងប់ស្ងាត់ ។
យោងតាមលិខិត របស់ក្រុមប្រឹក្សាជំនុំជម្រះផ្ញើ មកឲ្យសហមេធាវី លោក កឹម សុខា កាលពីថ្ងៃ២ កុម្ភៈ បានឲ្យដឹងថា ក្រៅពីមិនអាចបន្តសវនាការ បានដោយសារកូវីដ ១៩ នៅតែមានស្ថានភាពធ្ងន់ធ្ងរ និងមិនច្បាស់លាស់នោះ គឺសាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងមមាញឹកក្នុងចំណាត់ការ សំណុំរឿងជាប់ឃុំ (កកស្ទះ) ដែលបានដាក់ចេញ ដោយក្រសួងយុត្តិធម៌។
ក្រោយឃើញលិខិត របស់ក្រុមប្រឹក្សាជំនុំជម្រះ លោក ផេង ហេង ដែលជាមេធាវីម្នាក់ ក្នុងចំណោមមេធាវីផ្សេងទៀត របស់លោក កឹម សុខា បានថ្លែងថា សហមេធាវីមិនបកស្រាយ លិខិតក្រុមប្រឹក្សាជំនុំជម្រះនោះទេ តែចង់បញ្ជាក់ថាសហមេធាវីបានប្រឹង ប្រែងតាមវិជ្ជាជីវៈរបស់ខ្លួនហើយ ។
លោកថា “ចុះបើបញ្ហាកូវីដ ១៩ ហេតុអីក៏សំណុំរឿង ដែលក្រសួងដាក់ចេញ ហ៊ានយកមកជំនុំជម្រះពេញៗសាល ឬកូវីដមានម្ចាស់?”៕
![](https://dap-news.com/wp-content/uploads/2021/02/4237.jpg)
![](https://dap-news.com/wp-content/uploads/2021/02/4238-1.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)