ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ ចំពោះស្មៀនឃុំ-សង្កាត់ ព្រោះមានប្រជាពលរដ្ឋ រាយការណ៍តាមគេហទំព័រហ្វេសប៊ុក សម្ដេចថា មានស្មៀនឃុំ-សង្កាត់ មួយចំនួនពួកគាត់ឫកធំណាស់។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២ ១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លងមក មានប្រជាពលរដ្ឋមួយចំនួន ទៅសាលាឃុំ-សង្កាត់ ឲ្យដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្ដែមានស្មៀនឃុំ-សង្កាត់ មួយចំនួន មានអកប្បកិរិយាមិនល្អ ចំពោះប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សូមផ្ដាំឲ្យមើលស្មៀន ផ្ដាំទីកន្លែងនេះទៅ ឯកឧត្តម លោកជំទាវ អភិបាលរាជ ធានី-ខេត្ត ព្រោះស្មៀនខ្លះគាត់ឫកធំសម្បើមណាស់។ យន្ដការនៅឃុំ-សង្កាត់ ហ្នឹង គឺមានសិទ្ធិរឹងមាំដោយសារបោះឆ្នោត តាមគោលការណ៍ប្រជាធិបត្យ។ អីចឹងមានក្រុមប្រឹក្សា មានមេឃុំ មានជំទប់ ក្រៅពីហ្នឹងមាន គណៈកម្មាធិការ មន្ដ្រីផ្សេងៗទៀត ហើយស្មៀន មិនមែនជាមន្ដ្រីនយោបាយទេ។ មន្ដ្រីនយោបាយ គឺក្រុមប្រឹក្សា បោះឆ្នោតដោយប្រជា ជនផ្ទាល់»។
សម្ដេចក្រឡាហោម បន្ដថា មានប្រជាពលរដ្ឋមួយចំនួន បានរាយការណ៍តាមហ្វេសប៊ុក សម្ដេច ជាបន្តបន្ទាប់ រឿង ស្មៀនឃុំ-សង្កាត់ ដូច្នេះ អភិបាល នៃអភិបាលរាជធានី-ខេត្ត ត្រូវចាត់ការរឿងនេះជាបន្ទាន់។ ជាមួយគ្នានេះ សម្ដេច ក៏បានកោតសរសើរ ចំពោះស្មៀនឃុំ-សង្កាត់ មួយចំនួនដែលបានលិខិតធ្វើការងារ និងដោះស្រាយជូនប្រជាពលរដ្ឋ៕