ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចាប់អារម្មណ៍៥ ចំណុច សម្រាប់យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធ, ពេទ្យសង្គ្រោះ និងជំនាញបើកបររថយន្តធុនធ្ងន់ នៅខេត្តសៀមរាប នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលេីកឡេីងនូវចំណុចទាំង៥ មានជាអាទិ៍៖
១. សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ ដែលពិតជាបានឆ្លើយតប ចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាព ជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃការអនុវត្តភារកិច្ចចំពោះមុខ និងរយៈពេលវែង របស់កងយោធពលខេមរភូមិន្ទ ជាពិសេសបំពេញបាននូវតម្រូវការ ខ្វះខាតធនធានមនុស្ស ក្នុងជំនាញទាំង ០៤ នេះ ក្នុងជួរកងកម្លាំងប្រដាប់អាវុធយើង ដែលឈរជើងក្នុងភូមិសាស្ត្រទិសយោធភូមិភាគទី៤ ។
២. សូមអរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, ក្រុមការងារកសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងបណ្តាស្ថាប័ន -កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ បង្ករលក្ខណៈ និងរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលការងារ តាមផែនការកំណត់ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងពង្រឹងជំនាញខ្សែរយៈធានារបស់កងទ័ពពីក្រោមឡើងលើ បន្តលើមូលដ្ឋានស្នាដៃ ដែលយោធិនជំនាន់មុនបានខិតខំកសាងបន្សល់ទុក ឱ្យតាំងពីក្នុងពេលលំបាក។ ទាំងអស់នេះ គឺពិតជាកើតមកពីការប្តេជ្ញាចិត្តរួមគ្នា ទាំងស្មារតី ឆន្ទៈ និងសម្ភារៈ ជាធ្លុងសាមគ្គីឯកភាព ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។
៣. ចំពោះបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខ មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយមិនទាន់មានករណីឆ្លងច្រើន ហើយករណីស្លាប់នៅក្នុងប្រទេសក៏មិនទាន់មាន ខណៈដែលប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោក កំពុងបន្តរងគ្រោះខ្លាំង។ ទាំងនេះក៏ដោយ សារយើងទាំងអស់គ្នា ទាំងប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ នូវវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ហើយចុងក្រោយនេះ គឺវិធានការទប់ស្កាត់ នៅច្រកព្រំដែនតែម្តង។ យ៉ាងណាក៏ដោយ ជាមួយនឹងកំណើនពលករចំណាកស្រុកមកពីក្រៅប្រទេសនេះ ក៏ជាហានិភ័យមួយ គួរឱ្យព្រួយបារម្ភផងដែរ។ ដូច្នេះដំណាក់កាលបន្ត នៅក្នុងការងារនេះ គឺការបន្តការពារប្រជាពលរដ្ឋរបស់យើង ទី១តាមរយៈវិធានការណ៍សុខាភិបាល និងទី២ តាមរយៈផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ ដូចបណ្តាប្រទេសផ្សេងៗទៀត។
៤. សព្វថ្ងៃនេះ នៅទូទាំងពិភពលោក ប្រទេសជាច្រើន បានរកឃើញថ្នាំបង្ការជំងឺកូវីដ-១៩ ដែលអាចមានប្រសិទ្ធភាពប្រើប្រាស់បាន ដោយឆ្លង តាមការស្រាវជ្រាវ និងត្រួតពិនិត្យផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រត្រឹមត្រូវ។ ដូច្នេះ នៅចំពោះមុខហានិភ័យដ៏គ្រោះថ្នាក់នៃជំងឺនេះ រាជរដ្ឋាភិបាល បានសម្រេចចិត្តទិញថ្នាំ បង្ការពីប្រទេសចិន បន្ថែមលើជំនួយ របស់បណ្តាប្រទេសជាមិត្ត ធ្វើយ៉ាងណាការពារឱ្យបាននូវសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយមិនអាចរង់ចាំបានឡើយ ជាពិសេសខណៈដែល កម្លាំង សុខាភិបាល និងកម្លាំងប្រដាប់អាវុធជាតិយើង ដែលនៅជួរមុខកំពុងប្រឈមដោះស្រាយ បញ្ហាពលករចំណាកស្រុក ដែលត្រឡប់ចូលមក ក្នុងប្រទេសវិញ នៅតាមច្រកព្រំដែន និងត្រូវធ្វើចត្តាឡីស័ក។ នេះ គឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលផ្អែកលើមូលដ្ឋានសុខាភិបាល និងស្តង់ដារគុណភាព សុវត្ថិភាពច្បាស់លាស់ ជាពិសេសការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងភាពជាអ្នកដឹកនាំ ដោយគំរូ ព្រមទាំងដើម្បីផ្តល់ទំនុកចិត្ត និងជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផ្សេងទៀត ក៏បានស្ម័គ្រចិត្តទទួលយកការចាក់ថ្នាំ បង្ការនេះមុនគេផងដែរ ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ និងប្រជាជននៃបណ្តា ប្រទេសផ្សេងៗជាច្រើនទៀត រាប់លាននាក់ទៀត ក៏បានប្រើប្រាស់នូវថ្នាំបង្ការប្រភេទនេះ ដោយមានប្រសិទ្ធភាពរួចទៅហើយ ។
៥.សូមមេបញ្ជាការអង្គភាពទាំងអស់ ពន្យល់ណែនាំដល់បងប្អូនកងកម្លាំងប្រដាប់អាវុធយើង ដែលជាគោលដៅអាទិភាព ក្នុងការទទួលចាក់ថ្នាំបង្ការ ឱ្យមានស្មារតីនឹងនរ និងជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ព្រោះនេះគឺជាកិច្ចការធំរបស់យើង នៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋរួមគ្នា និងត្រៀមលក្ខណៈចូល រួមជាមួយរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការ ទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាព របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ ប្រទេសមួយចំនួនខ្វះការយកចិត្តទុកដាក់ លើប្រជាជនខ្លួនឯង។ ប្រទេសយើងតូច ប៉ុន្តែយើងមានថ្នាក់ដឹកនាំ ដែលគិតគូរពីប្រជាពលរដ្ឋ យកចិត្តទុកដាក់ដោះស្រាយ ការលំបាកគ្រប់បែប យ៉ាងរបស់ប្រជាពលរដ្ឋ៕