ព័ត៌មានជាតិ

សម្តេច ស ខេង ស្នើក្រសួងអប់រំ ឱ្យ ធ្វើការអប់រំពីច្បាប់ ចរាចរណ៍ផ្លូវគោក ដល់សិស្សគ្រប់កំរិត

" "

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព ក្នុងការអប់រំសិស្សគ្រប់កំរិត ពិសេសគឺថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ធ្វើយ៉ាងណាឲ្យពួកគាត់យល់ដឹង ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យ បានច្បាស់លាស់មុននឹង ចាប់ផ្តើមប្រើប្រាស់យានយន្ត ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្រសួងអប់រំគួរធ្វើការរៀបចំអប់រំ ណែនាំ ព្រមទាំងបណ្តុះបណ្តាលដល់សិស្សានុសិស្ស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្នាក់មត្តេយ្យសិក្សា ព្រោះមកដល់ពេលនេះនៅទូទាំង ប្រទេសកម្ពុជាមានថ្នាក់មត្តេយ្យ សិក្សាជាង៣ពាន់ថ្នាក់ ។ យើងត្រូវគិតឲ្យបានវែងឆ្ងាយ អនាគតកូនចៅយើងនឹងក្លាយ ជាអ្នកប្រើប្រាស់យានយន្ត ដូច្នេះប្រសិនបើយើងបង្កើននិងពង្រីកការអប់ រំចាប់ពីថ្នាក់មត្តេយ្យទៅ នោះនឹងអាចឲ្យសិស្សទាំងអស់ ទទួលបាននូវចំណេះដឹង ពីច្បាប់ចរាចរណ៍កាន់តែច្បាស់ ហើយមានការប្រុងប្រយ័ត្ន កាន់តែខ្ពស់ផងដែរ»។

" "

សម្តេច ណែនាំបន្ថែមទៀតថា នៅពេលដែលបង្រៀនកុមារតូចៗ លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់ និមិត្តសញ្ញាងាយៗ ដើម្បីឲ្យពួកគាត់ឆាប់ចាប់ បានងាយយល់ តាំងពីថ្នាក់តូច ក្នុងកម្រិតណាមួយ ដែលក្មេងទទួលបាន ហើយត្រូវបន្តរហូតដល់គាត់រៀនចប់ថ្នាក់វិទ្យាល័យ។ ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ថា ការស្នើនេះ ព្រោះតែសន្ទុះ នៃការរីកចំរើន របស់ប្រទេសកម្ពុជា នឹងមានផ្លូវខ្វាត់ខ្វែងកាន់តែច្រើន មិនថាតែនៅទីក្រុង ឬក៏ជនបទនោះទេ ដូច្នេះចាំបាច់បំផុត ត្រូវតែយល់ដឹងអំពីច្បាប់ ចរាចរណ៍ផ្លូវគោក។

" "

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធាន គណៈកម្មាធិកាជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកាត់បន្ថយអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅត្រឹមតែ៤នាក់ ក្នុង១ថ្ងៃ ខណៈបច្ចុប្បន្ននេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គិតជាមធ្យម ៥ទៅ ៦នាក់ ក្នុង១ថ្ងៃ ៕

To Top