ព័ត៌មានជាតិ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រគល់លិខិតសរសើរ ដល់និស្សិតជ័យលាភី ការពារសារណា បញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រ ជំនាន់ទី១៩

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នារសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រគល់ វិញ្ញាបនបត្រ (លិខិតសរសើរ) ជូននិស្សិតជ័យលាភី របស់មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច ចំនួន ១៣២ នាក់ (ស្រី ៩២ នាក់) ក្នុងចំណោមនិស្សិត ៤៩៩ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលលិខិត សរសើរ រួមមានជំនាញ ១) គ្រប់គ្រង ២) ម៉ាឃីទីង ៣) គណនេយ្យ ៤) ការគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ៥) ធនាគារនិងហិរញ្ញវត្ថុ និង ៦)សេដ្ឋកិច្ច ដែលបានបញ្ចប់ការសិក្សា និងបានការពារសារណាស្រាវជ្រាវ ជាប់ជាស្ថាពរក្នុងឆ្នាំសិក្សា២០១៨-២០១៩ ។

ក្នុងរបាយការណ៍ស្វាគមន៍ ចំពោះអង្គពិធី លោក ភួន វណ្ណៈព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និង មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានថ្លែងថា រៀងរាល់ឆ្នាំ នៃការបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ គឺសាកលវិទ្យាល័យ តម្រូវឱ្យនិស្សិតចុះធ្វើកម្មសិក្សា តាមបណ្តាក្រុមហ៊ុន និងអង្គភាពនានាទាំងរដ្ឋ និងឯកជន ដើម្បីផ្សារភ្ជាប់ទ្រឹស្តី ទៅនឹង ការអនុវត្ត តាមរយៈការសិក្សាស្រាវជ្រាវ លើដំណើរការប្រតិបត្តិ របស់ក្រុមហ៊ុន និងអង្គភាព ដែលពាក់ព័ន្ធទៅនឹងជំនាញ របស់និស្សិត ក្នុងគោលបំណងប្រមូល និងចងក្រង ឯកសារក៏ដូចជា ពិនិត្យមើលការងារ ជាក់ស្តែង របស់ក្រុមហ៊ុន ឬអង្គភាពយកមកសរសេរ និងចងក្រងដាក់ឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ យ៉ាងតឹងរ៉ឹងបំផុត ជាមួយនឹងការផ្តល់ អនុសាសន៍នានាលើសារណា ពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសារណា ឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ។ លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ មិនអាចផ្តាច់ចេញ ពីការចូលរួមពីនិស្សិត និងភាគីពាក់ព័ន្ធបានឡើយ ដូចជា សាស្រ្តាចារ្យ សាកលវិទ្យាល័យ និងបណ្តាអង្គភាព និងក្រុមហ៊ុននានា ដែលបានផ្តល់កន្លែង សម្រាប់និស្សិតចុះធ្វើកម្មសិក្សា ។

លោកព្រឹទ្ធបុរស បានសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលដែលជោគជ័យ កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់បងប្អូននិស្សិត គ្រប់ជំនាញទាំងអស់ និងបានបញ្ជាក់ថា ពីមួយជំនាន់ ទៅមួយជំនាន់ និស្សិតកាន់តែមានការយល់ដឹង ទូលំទូលាយទៅលើ កិច្ចការស្រាវជ្រាវ ដែលធ្វើឱ្យនិស្សិតគ្រប់រូប ទទួលបាននូវសមត្ថភាព ចំណេះជំនាញ ឆ្លើយតបទៅ នឹងទីផ្សារការងារ ។

លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសម្តែងនូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ ដល់និស្សិតជ័យលាភីសារណាទាំងអស់ ដែលបានខិតខំសិក្សាស្រាវជ្រាវ និងចងក្រងសារណា យកមកការពាររហូត ទទួលបានជោគជ័យជាស្ថាពរ លោកបណ្ឌិត បានបន្តថា សាកលវិទ្យាល័យ បានកំណត់នូវចក្ខុវិស័យ បេសកកម្ម និងគោលបំណង របស់ខ្លួនច្បាស់លាស់ ជាពិសេសបានរៀបចំនូវយន្តការ ក៏ដូចជាគោលនយោបាយជំរុញ ដល់ការស្រាវជ្រាវ ដល់និស្សិតគ្រប់កម្រិត មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យ ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កភាពងាយស្រួលដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ក្នុងកិច្ចការស្រាវជ្រាវផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព បានជំរុញលើកទឹកចិត្ត ឱ្យបងប្អូននិស្សិតជ័យលាភីសារណា ជំនាន់ទី១៩ ទាំងអស់ត្រូវបន្តចូលរួម ក្នុងដំណើរការលើកិច្ចការស្រាវជ្រាវ ឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងពុទ្ធិ ជំនាញ កាន់តែប្រសើរក្នុងគោលបំណង អភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ ។

លោកសាស្រ្តាចារ្យបណ្ឌិត សាកលវិទ្យាធិការ បានបន្តទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ទៅលើគុណភាព នៃការបណ្តុះបណ្តាល ជាពិសេស ជំរុញ និងលើកស្ទួយកិច្ចការស្រាវជ្រាវ តាមគ្រប់រូបភាព ដោយមានសម្ភាររូបវ័ន្តទំនើបៗ និងមានកម្មវិធីសិក្សាច្បាស់លាស់ ស្របតាមស្តង់ដា ព្រមទាំងមានការគាំទ្រ ពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន កាន់តែច្រើនឡើងៗ ជាពិសេសមានការទទួលស្គាល់ ពីក្រសួងអប់រំយុវជន និងកីឡា និងដៃគូអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេសផងដែរ ។

ក្នុងនោះផងដែរ លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ ត្រូវឆ្លៀតឱកាសបន្តរៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញរបស់ខ្លួន ក៏ដូចជាអាជីពការងារ នាពេលអនាគត ។ ជាពិសេសការសិក្សា មិនមានការបញ្ចប់នោះទេ ដូចនេះសូមនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តការសិក្សាយក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀត ៕

To Top