ព័ត៌មានជាតិ

Instagram បានបិទគណនីមួយចំនួន ដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

ភ្នំពេញ៖ គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួន ត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេត អស់រយៈពេលជាច្រើនខែ ទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ ជាច្រើននោះ

យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ឈ្មោះសម្គាល់ ដែលជនខិលខូចបានលួចនោះ គឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើន ចង់បាននិងមានតម្លៃខ្ពស់ រហូតដល់ទៅ ៤ម៉ឺនដុល្លារនៅក្នុងទីផ្សារងងឹត។ កត្តាដែលធ្វើឱ្យឈ្មោះសម្គាល់ O.G. មានភាពពិសេស ដែលនាំឱ្យអ្នកប្រើប្រាស់ចង់បាននោះគឺ ដោយសារវាខ្លីហើយមានន័យ មានដូចជា @Sick និង @Miracle ជាដើម។
ម្យ៉ាងវិញទៀត ការប្រើប្រាស់ឈ្មោះសម្គាល់ខ្លីៗ ក៏អាចជាសញ្ញាមួយបញ្ជាក់ថា ពួកគេគឺជាអ្នកប្រើកម្មវិធីនេះ ជាយូរមកហើយ។

បើតាមការស្រាវជ្រាវបានបង្ហាញថា ទោះបីជាឈ្មោះសម្គាល់មួយចំនួន ត្រូវបានលួចយក តាមរយៈការជ្រៀតចូល ឬការវាយប្រហារមាន ដូចជាការលួចផ្ទេរសេវាកម្ម ទៅស៊ីមទូរស័ព្ទថ្មី (SIM swap) នោះក្ដី ប៉ុន្តែពេលខ្លះទៀត ឈ្មោះសម្គាល់ទាំងនេះ ត្រូវបានប្រគល់ឱ្យជនខិលខូច ដោយសារតែមានការគំរាមកំហែង ឬការបំពានណាមួយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា មានជនខិលខូចចំនួន ៩នាក់ ដែលនៅពីក្រោយការជួញដូរនេះ ហើយភាគច្រើនពួកគេបានប្រើគេហទំព័រ ខាងលើនិងកម្មវិធី Telegram ដើម្បីធ្វើការទំនាក់ទំនង ជាមួយអតិថិជនរបស់ពួកគេ។

សម្រាប់លោកអ្នក ដែលពុំទាន់ស្គាល់អំពីវិធី SIM swap នោះវាគឺជាការជ្រៀតចូល ដែលជនខិលខូចធ្វើការ ទំនាក់ទំនងទៅក្រុមហ៊ុនទូរស័ព្ទ ដោយបន្លំខ្លួនធ្វើជាម្ចាស់លេខទូរស័ព្ទ ហើយស្នើសុំឱ្យក្រុមហ៊ុន ផ្លាស់ប្ដូរសេវាកម្ម ទៅប្រើជាមួយនឹងស៊ីមថ្មី ដែលនេះ អាចឱ្យពួកគេ ទទួលបានលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណ ក្នុងការផ្លាស់ប្ដូរគណនី ជាមួយនឹងក្រុមហ៊ុន Instagram បាន៕

To Top