ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! កុំជឿតាមការលួងលោម ឬសន្យាថា នឹងផ្ញើកាដូពីក្រៅប្រទេសឲ្យសោះ

ភ្នំពេញ៖ ក្រោយមានករណីឆបោក បានប្រព័ន្ធបណ្ដាញសង្គមជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ។

សូមកុំ ការទទួលមិត្តភក្តិ ( Accept Friend ) ដែលមិនមានប្រភពច្បាស់លាស់ ឬ កុំ ជឿតាមការលួងលោម ឬសន្យា ថានឹងអោយ ឬផ្ញើ សម្ភារ ឬ កាដូពីក្រៅប្រទេស ឡើយ តែតម្រូវអោយយើង ជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់÷ ១-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង ២-ឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុច ផ្ទះលេខ ភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ នាំមកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

To Top