ព័ត៌មានជាតិ

កម្ពុជា ដើរតួជាប្រទេសមួយ ដែលមានជំហរគាំទ្រដ៏រឹងមាំ ក្នុងការឆ្លើយតប ការប្រែប្រួល អាកាសធាតុ

ភ្នំពេញ ៖ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាដើរតួជាប្រទេសមួយ ដែលមានជំហរគាំទ្រ ដ៏រឹងមាំ ចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពី «របាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ» កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា «ប្រទេសកម្ពុជា បានដើរតួជាប្រទេសមួយ ដែលមានជំហរគាំទ្រ ដ៏រឹងមាំ ចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ។ ក្នុងនាមជាប្រទេសមួយ ដែលងាយរងគ្រោះពីផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុ រាជារដ្ឋាភិបាល បានយល់ពីភាពបន្ទាន់ ដែលតម្រូវឱ្យចាត់វិធានការ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួល អាកាសធាតុប្រកប ដោយមហិច្ឆតា ស្របទៅតាម ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ» ។

លោក បានបន្ថែមទៀតថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយដែលមានការ បញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបាន និងកំពុងធ្វើការងារលើវិស័យបរិស្ថាន ស្របតាមសសរស្តម្ភទាំង ០៤ រួមមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅប្រកបដោយចីរភាព និងការធ្វើទំនើបកម្មស្ថាប័ន ។ ក្រសួងបរិស្ថានមានជំហរ និងជំនឿជាក់យ៉ាងមុតមាំថា ដើម្បីឱ្យការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ទទួលបានជោគជ័យ ត្រូវមានការចូលរួមយ៉ាងសំខាន់ ពីប្រជាពលរដ្ឋ សហគមន៍មូលដ្ឋានហើយ ដើម្បីឱ្យមានការចូលរួម ទៅបានលុះត្រា តែប្រជាពលរដ្ឋ ទទួលបាននូវជម្រើសថ្មី ក្នុងការរស់នៅ ជៀសវាងការពឹងអាស្រ័យ លើធនធានធានធម្មជាតិទាំងស្រុង ហើយដែលទាមទារកិច្ច សហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់ជូននូវតម្រូវការចាំបាច់នានា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹកស្អាត និងសេវាសុខភាពជាដើម ៕

To Top