ភ្នំពេញ ៖ ដោយសារតែកន្លងមកថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា បានធ្វើការកំណត់ក្រុមហ៊ុន ដែលមានសិទ្ធិអាចផ្គត់ផ្គង់សត្វជ្រូក ក្នុងប្រទេសថៃ ឲ្យមានតែ១០ក្រុមហ៊ុនប៉ុណ្ណោះ ដោយពីមុនក្រុមហ៊ុនផ្គត់ផ្គង់ជ្រូក មានរហូតដល់ទៅ៥៦ក្រុមហ៊ុនឯណោះ នេះបើតាមបញ្ជី (List) ឈ្មោះដែលអគ្គនាយកដ្ឋាន បសុសត្វខាងថៃ ផ្ញើជូនមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា ។
ដោយក្រុមហ៊ុនទាំង១០ នៅខាងប្រទេសថៃនេះសុទ្ធតែ ជាក្រុមហ៊ុនដែលមានដៃគូនៅខាងខ្មែរ តែ១ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុន លឹម សៀវម៉ី កក្តានេះហាក់បី ដូចជាឲ្យក្រុមហ៊ុនមួយនេះទទួល បានសិទ្ធិផ្តាច់មុខតែម្នាក់ឯង ចំណែកក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណនាំចូលក្នុងស្រុកដទៃទៀត ត្រូវផ្អាកការនាំចូល ព្រោះក្រុមហ៊ុនខាងថៃ ដែលជាដៃគូ ខ្លួនពីមុនមក មិនត្រូវបានអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា ដាក់ចូលទៅក្នុង List ផ្គត់ផ្គង់ ដែលខ្លួនទទួលស្គាល់ឡើយ ហើយបើក្រុមហ៊ុន ក្នុងស្រុកណាចង់បានជ្រូក ក្រុមហ៊ុននោះត្រូវតែទិញពី១០ ក្រុមហ៊ុនខាងថៃ ដែលកំណត់ (Set Up) ដោយអគ្គនាយកដ្ឋាន សុខភាពសត្វរបស់កម្ពុជារួចហើយ ដោយខាងថៃលក់ច្បាប់ ផ្គត់ផ្គង់តម្លៃ ១៣ដុល្លារ/ក្បាល ថ្លៃប្រើកូតារបស់ក្រុមហ៊ុនខ្លួន ហើយមកដល់ខាងខ្មែរ ត្រូវប្រើច្បាប់នាំចូលរបស់ក្រុមហ៊ុន លឹម សៀវម៉ី គឺត្រូវបង់លុយ១៧$/ក្បាលទៀត ដើម្បីទទួលបានជ្រូក យកមកលក់នៅលើទីផ្សារ កក្តាបូកតម្លៃកូតាផ្តាច់ មុខបន្ថែមបែប នេះហើយទើបធ្វើឲ្យក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណ នាំចូលមួយចំនួនផ្អាក ដំណើរការទាំងស្រុង ហើយមាន ១ ឬ២ ក្រុមហ៊ុនប៉ុណ្ណោះ ដែលតស៊ូទិញពី១០ក្រុមហ៊ុន ខាងថៃនោះ នូវបរិមាណបន្តិចបន្តួច ដើម្បីយកមកលក់កុំឲ្យតែដាច់ម៉ូយប៉ុណ្ណោះ កក្តានេះហើយ ដែលធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូក មិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើង ធ្វើឲ្យតម្លៃសាច់ជ្រូក ហក់ឡើងថ្លៃ១ទៅជា២ យ៉ាងគំហុកបែបនេះ។ នេះគឺជារឿងពិត ដែលបានកើតឡើង ប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ ត្រូវហូបសាច់ជ្រូក ដែលតម្លៃមិនប្រក្រតី កាលពីប៉ុន្មានខែមុន តម្លៃជ្រូករស់នៅខាងថៃ ឡើងដល់៩០បាតជាងក្នុង១គីឡូ តែពេលនាំចូលមកដល់ខាងខ្មែរ សាច់ជ្រូកមានតម្លៃត្រឹមតែ ១៥០០០-១៧០០០រៀល ប៉ុណ្ណោះ តែពេលថ្ងៃនេះតម្លៃជ្រូករស់ នៅប្រទេសថៃ ធ្លាក់ចុះសល់តែ ៨០បាតប៉ុណ្ណោះ ក្នុង១គីឡូ តែតម្លៃសាច់ជ្រូកឡើង រហូតដល់ ២៥០០០-២៧០០០ រៀលក្នុង១ គីឡូទៅវិញ? កក្តតានេះបានបង្ហាញថា ការលូកដៃកកូរកកាយ កំណត់ក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសថៃ ពីសំណាក់អគ្គនាយកដ្ឋាន សុខភាពសត្វកម្ពុជា បានធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូករស់ធ្លាក់ ចុះពីព្រោះក្រុមហ៊ុនទាំង១០នោះ យកកូតាទៅដើរលក់ ក្នុងតម្លៃថ្លៃរួម និងតម្លៃកូតាខាងខ្មែរទៀត ធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់ខ្លាំពេកគ្មានក្រុមហ៊ុន ណាហ៊ានទិញទើប ក្នុង១ថ្ងៃអាចចាប់ជ្រូកនាំចូលបានតែ ១០០០ ក្បាលទៅ២០០០ក្បាលប៉ុណ្ណោះ ដែលតម្រូវការជាក់ស្តែង គឺយើងត្រូវការរហូតដល់ ទៅ៥០០០-៦០០០ក្បាល ក្នុង១ថ្ងៃបន្ថែមពីលើការផ្គត់ផ្គង់ ដោយកសិករនៅក្នុងស្រុក ទើបគ្រប់គ្រាន់សម្រាប់បំពេញ នូវតម្រូវការនៅលើទីផ្សារ ។
តើ ១០ ក្រុមហ៊ុនដែលអគ្គនាយកដ្ឋាន សុខភាពសត្វកម្ពុជា ជ្រើសរើសនោះជាក្រុមហ៊ុនដូចម្តេច?
ចំលើយគឺ ១០ក្រុមហ៊ុនទាំនោះ គឺសុទ្ធសឹងតែជាក្រុមហ៊ុនផ្គត់ផ្គង់ ការនាំចេញដូចបណ្តាក្រុមហ៊ុនដទៃៗ ឯទៀតផងដែរ ហើយមានក្រុមហ៊ុនខ្លះ ទើបតែបង្កើតឡើងថ្មីៗនាចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះប៉ុណ្ណោះ ពុំដែលទាំងមានបទពិសោធន៍ អ្វីបន្តិចទាល់តែសោះ។
តើអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បាន Set Up ក្រុមហ៊ុនទាំង១០នោះ ដោយប្រើបច្ចេកទេសជំនាញយ៉ាងដូចម្តេច ?
ចំលើយ៖ អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បានដាក់លក្ខខណ្ឌចំនួន១២ចំណុចអោយទៅអគ្គនាយកដ្ឋាន បសុសត្វខាងថៃ ដោយលក្ខខណ្ឌទី១ ដល់លក្ខខណ្ឌទី១១ គឺអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ចម្លងមកទាំងស្រុងពីលិខិត Vaccine ដែលថៃបាន ចេញជូនដល់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ដែលនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ចំណុចទាំង១១នេះ ឲ្យតែក្រុមហ៊ុនថៃទាំងឡាយណា ដែលធ្លាប់នាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម គឺមានដូចគ្នាទាំងអស់។
តើអ្វីទៅជាលក្ខខណ្ឌទី១២ របស់បសុសត្វកម្ពុជា ?
ចំលើយ ៖ អគ្គនាយកដ្ឋាន សុខភាពសត្វកម្ពុជា ទាមទារធ្វើចត្តាឡីស័ក្តសត្វនៅមាត់ច្រកព្រំដែន តែខាងអគ្គនាយកដ្ឋាន បសុសត្វថៃបានពន្យល់ថា ការធ្វើចត្តាឡីស័ក្តសត្វជ្រូក នៅក្នុងប្រទេសថៃ គឺគេធ្វើផ្ទាល់នៅនឹងកសិដ្ឋានតែម្តង មុនពេលចាប់នាំចេញ ដោយពុំចាំបាច់ធ្វើនៅនឹងមាត់ច្រកទៀតនោះទេ ព្រោះជៀសវាងភាពរញ៉េរញ៉ៃនៅមាត់ច្រកព្រំដែន ក៏ដូចជាការជួយសម្រួលដល់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ។
សរុបមក ៖ បើតាមគោលការណ៍ដែលអគ្គនាយកដ្ឋាន បសុសត្វកម្ពុជាទាមទារនោះ មុនពេលអនុញ្ញាតិអោយសត្វជ្រូក ចូលមកក្នុងប្រទេសកម្ពុជាបាន គឺក្រុមហ៊ុនផ្គត់ផ្គង់ត្រូវផ្តល់ឯកសារ សំខាន់ៗចំនួន៣សន្លឹក មកក្រុមហ៊ុន នាំចូលរួមមាន៖ ១-លិខិតបញ្ជាក់សុខភាពសត្វជ្រូក, 2-លិខិតចាក់ Vaccine និង 3- លិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័ក្ត នៅនឹងព្រំដែនដូចគ្នា នឹងលិខិតខាងថៃផ្តល់ទៅវៀតណាមផងដែរ ។ ប៉ុន្តែបច្ចេកទេសនេះត្រូវបានខាងថៃបដិសេធ រហូតមកដល់ពេលនេះក្រុមហ៊ុនផ្គត់ផ្គង់ទាំង១០ ដែលបសុសត្វកម្ពុជា ជ្រើសរើសនោះ ប្រើប្រាស់តែលិខិតបញ្ជាក់ សុខភាពសត្វតែ១សន្លឹកប៉ុណ្ណោះ គឺជ្រូកអាចឆ្លងដែនចូលមកកម្ពុជា បានគោលការណ៍ទាំង១២ ចំនុចរបស់បសុសត្វកម្ពុជា អនុវត្តន៍មិនបាននោះទេ ជាក់ស្តែង១០ក្រុមហ៊ុន នោះក៏មិនដែលធ្វើចត្តាឡីស័ក្តសត្វជ្រូក នៅនិងមាត់ច្រកអីដែរ គឺយកទីលាននោះសម្រាប់ធ្វើទីចតរថយន្ត ប្តូរជ្រូកពីឡានដឹកជ្រូកមកពីកសិដ្ឋាន និងចូលមួយទៅឡានមួយទៀត សំរាប់នាំចូលមកប្រទេសកម្ពុជាតែប៉ុណ្ណោះ ។
ប្រសិនបើធ្វើបែបនេះដដែល ចាំបាច់ទៅកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសគេធ្វើអី ព្រោះក្រុមហ៊ុនជាង ៥៦ក្រុមហ៊ុនសុទ្ធតែធ្លាប់មាន បទពិសោធន៍ផ្គត់ផ្គង់ទៅវៀតណាម និងមានគ្រប់លក្ខខណ្ឌទាំងអស់ដូចគ្នា ឬមួយការកំណត់នេះគ្រាន់តែចង់អោយក្រុមហ៊ុនខាងខ្មែរ មួយនោះទទួល បានជ្រូកផ្តាច់មុខតែម្នាក់ ឯងនោះទេ? កក្តានេះហើយដែលធ្វើអោយ ការផ្គត់ផ្គង់ជ្រូកធ្លាក់ ចុះមិនគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារ ហើយធ្វើអោយតម្លៃសាច់ជ្រូក លើទីផ្សារឡើងថ្លៃខ្ពស់កប់ពពក ធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា១៦លាននាក់ ព្រោះតែការហូបសាច់ជ្រូកនូវតម្លៃខ្ពស់ ខុសប្រក្រតី។
សូមជូនតម្លៃសាច់ជ្រូក ដែលផ្គត់ផ្គង់ដោយកសិដ្ឋាន CP នៅក្នុងប្រទេសថៃ តម្លៃត្រឹមតែ ៨០បាត/គីឡូក្រាម គឺស្មើនឹង១០៥០០រៀល/គីឡូក្រាម ។
សូមភ្ជាប់ជូននូវតារាងបញ្ជីឈ្មោះក្រុមហ៊ុនទាំង៥៦ ដែលធ្លាប់ទទួលបានការអនុញ្ញាត ឲ្យនាំចូលជ្រូកមកកម្ពុជា តែពេលនេះក្រសួងកំណត់យកតែ១០ក្រុមហ៊ុនវិញ ៖