ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm-Beijing Institute of Biological Products) ដែលទទួលបានពីសាធារណរដ្ឋ ប្រជាមានិតចិន នឹងត្រូវកំណត់ចំនួនត្រឹមតែ ១៤៩.៥០០នាក់។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំង ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការ អនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រេចដាក់ឲ្យដំណើរការ ក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដោយការចាក់វ៉ាក់សាំងនឹង ត្រូវធ្វើជាដំណាក់កាលៗ ទៅតាមចំនួនវ៉ាក់សាំងដែលបានទទួលរួចហើយ និងវ៉ាក់សាំងដែលអាចនឹង ទទួលបាននៅក្នុងឆ្នាំ២០២១នេះ។
លោកបញ្ជាក់ថា «ដោយសារបទពិសោធន៍របស់ កម្មវិធីចាក់ថ្នាំបង្ការរបស់ ក្រសួងសុខាភិបាលកន្លងមក ក្រសួងសង្កេតឃើញមាន អត្រាបាត់បង់វ៉ាក់សាំងក្នុងកម្រិតពី ១៥% ទៅ ២០% ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គឺនឹងត្រូវ កំណត់មានចំនួនត្រឹមតែ ១៤៩.៥០០នាក់ ដែលនឹងត្រូវប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm-Beijing Institute of Biological Products) ដែលបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន ហើយដែលបានប្រកាសចាប់ផ្តើម ចាក់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួចហើយ»។
លោកបន្ដថា ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់នូវទំនុកចិត្ត ជូនប្រជាពលរដ្ឋលើការចាក់វ៉ាក់សាំងនេះ ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតឲ្យ ចាក់វ៉ាក់សាំងខាងលើនេះ គឺមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងបុត្រាបុត្រី ជាឥស្សរជនជាន់ខ្ពស់ អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានា និងអ្នកសារព័ត៌មាន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ជាដំបូងគេ ទៅតាមទីកន្លែង៕