ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌ កាកសំណល់សម័យសង្រ្គាម ដែលកម្លាំងជំនាញស្រង់បានពីបាតទន្លេ ក្នុងស្រុកស្រីសន្ធរ

កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា គណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ គ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា ដែលកំលាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីបាតទន្លេ ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាម។

តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងកំឡុងខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានបើកប្រតិបត្តិការ រកឃើញគ្រាប់យុទ្ធភណ្ឌនិងកាកសំណល់ ដែលលិចជាមួយនឹងវាម៉ារីន កាលពីសម័យសង្គ្រាម សរុបជាង ៥តោនហើយ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៥តោននោះមានដូចជា ៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ ហើយសរុបជាង ៣០០កេសធំ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងដែរថា បើតាមមន្ត្រីជំនាញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ដែលលិចជាមួយនាវា ម៉ារីនចំណាស់នៅបាតទន្លេនោះ អាចមាន ចាប់ពី ១០តោន ទៅ ២០តោន ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រតិបត្តិការរបស់ កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ ឱ្យទាន់មុនរដូវវស្សា ។

គួររំលឹកផងដែរថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌជាច្រើនតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។ ហើយករណីនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ដើម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ ៕

To Top