ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យណែនាំក្រុមការងារចុះមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដោះស្រាយភ្លាមៗ នូវសំណូមពរពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមការងារចុះមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវដោះស្រាយភ្លាមៗ នូវសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋានអនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិកា រដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្រុមការងារចុះមូលដ្ឋាន និងសមត្ថកិច្ច ត្រូវកាន់គោលការណ៍ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព និងត្រឹមត្រូវ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «មន្ដ្រីចុះមូលដ្ឋានត្រូវផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងមន្ដ្រីរាជការនៅថ្នាក់ក្រោម រួចហើយអំពាវនាវ ឲ្យមានការចូលរួមគាំទ្រ និងអនុវត្ត ក្នុងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើតាមហ្នឹងទៅអត់ខុសទេ ខ្ញុំហ៊ានធានាថា មិនខុស ដោយសារប្រជាជនយើង គាត់ចង់បានអ្វី យើងធ្វើតាមនឹងទៅ»។

សម្ដេចក្រឡាហោម ស ខេង បានលើកឧទាហរណ៍ថា «មានប្រជាជនស្រែកថា មានគ្រឿងញៀន មានចោរប្លន់ មានល្បែងស៊ីសង យើងត្រូវចាត់ទុកថា ជាកញ្ចក់បានឆ្លុះឲ្យយើងឃើញ ទ្រឹស្ដីនយោបាយថា មហាជន និងប្រជាជន ជាកញ្ចក់។ ដូច្នេះ ការទាមទារ និងសំណូមពរទាំងឡាយ របស់ប្រជាជនត្រូវចាត់ទុកថា ជាកញ្ចក់ ហើយយើងយកមកឆ្លុះ ដើម្បីបម្រើពួកគាត់វិញ» ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា ធ្វើអ្វីក៏ដោយ ឲ្យតែធ្វើតាមការសំណូមពរ របស់ប្រជាពលរដ្ឋ នឹងទទួលបានជោគជ័យ។ សម្ដេចក្រឡាហោម បានបន្ដថា ប្រសិនបើធ្វើផ្ទុយពីបំណងប្រជាពលរដ្ឋ នឹងមិនបានទទួលជោគជ័យឡើយ ទោះបីមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ៕

To Top