ព័ត៌មានជាតិ

ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់កម្មករជិត១០០នាក់ និងរបួសជាង២ពាន់នាក់

ភ្នំពេញ ៖លោក ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា ក្នុងឆ្នាំ២០២០ ដែលទើបឆ្លងផុតនាពេលថ្មីៗនេះ គឺគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងមកលើកម្មករនិយោជិត ចំនួន១៩០០ករណី ក្នុងនោះមានអ្នកស្លាប់៨៨នាក់ និងរបួស២១៤០នាក់។

ក្នុងកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការត្រួតពិនិត្យ លើរបាយការណ៍ លទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២០ និងទិសដៅការងារអនុវត្ដបន្ត របស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្ដិសុខសង្គម នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ព្រាប ច័ន្ទវិបុល បានបញ្ជាក់ថា «បើប្រៀបធៀប រវាងឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកលើបងប្អូនកម្មករ និយោជិត មានការថយចុះរហូតដល់ទៅ ៣១% ស្មើនឹង ១៩០០ករណី ក្នុងនោះ អ្នករងរបួសសរុបចំនួន ៣០% ស្មើនឹង ២១៤០នាក់, អ្នកស្លាប់ចំនួន ៤៤% ស្មើនឹង ៨៨នាក់, អ្នករងរបួសធ្ងន់ចំនួន ២៧% ស្មើនឹង ៤០០នាក់, និងអ្នករងរបួសស្រាលចំនួន ៣០% ស្មើនឹង ១៦៥២នាក់» ។

លោកបន្ដថា បើទោះបីជាមានការថយចុះ នៃករណីគ្រោះថ្នាក់ចរាចរណ៍ មកលើកម្មករនិយោជិតក៏ពិតមែន ក៏ប៉ុន្តែក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. នៅតែបន្តការសហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការរៀបចំលិខិតបទដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ដល់អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករ និយោជិត អំពីច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការដែលបានគ្រោងទុក ស្របទៅនឹងគោលនយោបាយថ្នាក់ជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានលទ្ធផល កាន់តែល្អប្រសើរថែមទៀត ក្នុងន័យកាត់បន្ថយ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការស្លាប់ និងរងរបួសដល់កម្មករ ឱ្យថយមកកម្រិតទាបបំផុត ។

លោកក៏បាន ស្នើអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករ និយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចណ៍ត្រឹមត្រូវ និងចេះយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរលើដងផ្លូវ ជាពិសេស អ្នកបើកបររថយន្តដឹកកម្មករ មិនត្រូវផ្ទុកចំនួនកម្មករលើសចំណុះ និងចូលរួមផ្លាស់ប្តូរពីការយករថយន្តដឹក ទំនិញមកដឹកបងប្អូនកម្មករ ដោយប្រើប្រាស់រថយន្ត ដឹកអ្នកដំណើរមកជំនួសវិញ៕

To Top